(ភ្នំពេញ)៖ ការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ជាចេតនាមួយ ដែលអាជ្ញាធររាជធានីភ្នំពេញត្រូវតែធ្វើ ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ បានធ្វើដំណើរចេញ-ចូលទៅធ្វើការងារ និងប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានស្រួល ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឲ្យបានការរីករាលដាលជំងឺកូវីដ-១៩។

ដើម្បីឲ្យការងារបង្រួមតំបន់បិទខ្ទប់មានប្រសិទ្ធភាព លក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ បន្តទៀត នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១៤ ដើម្បីពិនិត្យពិភាក្សា និងកំណត់ទីតាំងឲ្យបានច្បាស់លាស់ មុនសម្រេចដាក់តំបន់ ដែលត្រូវបង្រួមនេះឲ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាននៅថ្ងៃទី១២ ខែឧសភាខាងមុខនេះ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានធ្វើការណែនាំ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឲ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿង ចូលទៅតំបន់លឿងទុំ និងតំបន់ក្រហមជាដាច់ខាត ហើយកិច្ចប្រជុំនេះយើងពិភាក្សាគ្នា ដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះមកនៅរួមតូច ដូច្នេះសុំអាជ្ញាធរត្រូវសិក្សាកំណត់ឲ្យបានច្បាស់មុន នៃការកំណត់ពណ៌តំបន់នីមួយៗឲ្យនៅរួមតូចនេះ។

ក្នុងកិច្ចប្រជុំនោះ គ្រប់ខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាព នៃការគ្រប់គ្រងកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ដោយតំបន់ខ្លះដែលធ្លាប់ជា តំបន់ក្រហម និងតំបន់លឿងទុំ បានស្នើឲ្យប្រែក្លាយមកជាតំបន់លឿង ដោយតំបន់នោះ មិនមានការរីករាលដាលជំងឺកូវីដ១៩បន្តទៀត ខណៈតំបន់ខ្លះទៀត សូមឲ្យនៅរក្សាតំបន់ក្រហម ឬតំបន់លឿងទុំដដែល៕