(បន្ទាយមានជ័យ)៖ ការសម្រេចបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនកើតការរអ៊ូរទាំលើផលប៉ះពាល់ជីវភាព និងការរស់នៅរបស់ពួកគេ។

ក្នុងនាមជាមេដឹកនាំកងកម្លាំងដែលកំពុងប្រតិបត្តិលើការអនុវត្តវិធានការបិទខ្ទប់នៅក្នុងតំបន់បិទខ្ទប់នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានថ្លែងសុំអង្វរកដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ចំពោះវិធានការមួយនេះ។

ការអំពាវនាវរបស់លោក សេង ធារិន បានធ្វើឡើងក្នុងពេលរូបលោក និងលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ រួមនិងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាព តំបន់ក្រហមដែលត្រូវបិទខ្ទប់ (Lockdown) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

ក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានបើកឱ្យដំណើរការចេញ-ចូលឡើងវិញនូវតំបន់មួយចំនួន និងបន្តបិទខ្ទប់តំបន់ក្រហមមួយចំនួន រួមទាំងបិទខ្ទប់តំបន់ថ្មីតូចៗបន្ថែមទៀត ដោយសាររកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ដែលជាហានិភ័យក្នុងការឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងក្នុងឱកាសនោះថា ការបិទខ្ទប់នៅតំបន់ទាំងអស់នេះ អាជ្ញាធរមិនចង់ធ្វើនោះឡើយ ព្រោះធ្វើទៅនាំឱ្យរំខាន់ និងប៉ះពាល់ដល់ការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត គ្មានជម្រើសណាប្រសើរជាងនេះនោះឡើយ។

«សូមបងប្អូនក្នុងតំបន់បិទខ្ទប់មេត្តាយោគយល់ ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះកំពុងបំពេញប្រតិបត្តិការ ដើម្បីសេចក្តីសុខសុវត្ថិភាពជូនពុកម៉ែបងប្អូន និងមាតុភូមិកម្ពុជា។ សូមបងប្អូនចូលរួមអនុវត្តន៍ នូវវិធានការ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាការកាត់ផ្តាច់ការឆ្លងរីករាលដាលបានទាន់ពេលវេលាក្នុងសហគមន៍យើងបានទាន់ពេលវេលា»។ នេះជាការអំពាវនាវរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន។

ក្នុងឱកាសនោះ លោកមេបញ្ជការរងនាយសេនាធិការ បានថ្លែងអំណរគុណដល់កងកម្លាំងចម្រុះ និងអាជ្ញាធរទាំងអស់ ដែលបានអនុវត្តន៍ភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់ អត់ធ្មត់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ៕