(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៦នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ដែលជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ធំ បានអះអាងថា ការរកឃើញអ្នកវិជ្ជមាននេះ គឺតាមរយៈការធ្វើតេស្ដរហ័ស ក្នុងនោះ២នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង, ២នាក់ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និង២នាក់ទៀត ជាអ្នកដំណើរមកពីខេត្តព្រះសីហនុ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកវិជ្ជមានជំងឺកូវីដ សូមរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីយកសំណាកវិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង ស្រុក ឬនៅផ្ទះដោយខ្លួនឯងឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ សូមប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕