(កោះកុង)៖ ខេត្តកោះកុង នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការ រកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ ដែលបានធ្វើដំណើរចេញពីខេត្តកំពង់ចាម។ នេះបើតាមរបាយការណ៍ របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិលប្រចាំប៉ុស្តិ៍ត្រួតពិនិត្យអូរជ្រៅ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍ដដែល បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបន្ទាន់ជំងឺឆ្លងរបស់ការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិស្រែអំបិល​ប្រចាំប៉ុស្តិ៍ត្រួតពិនិត្យអូរជ្រៅ បានធ្វើការតេស្ត (Screening) ដោយប្រើប្រាស់ Rapid Test ទៅលើបុរសអាយុ៤២ឆ្នាំ ១នាក់ ដែលបានធ្វើដំណើរពីភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម តាមរថយន្តក្រុងរបស់ក្រុមហ៊ុនអូឡុងពេជ្រ។ ជាលទ្ធផល គឺវិជ្ជមានកូវីដ១៩។

របាយការណ៍ខាងលើ ក៏បានបង្ហាញសាវតា អ្នកឆ្លងកូវីដ១៩រូបនេះថា៖

* នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ គាត់បានធ្វើដំណើរពីផ្ទះរបស់គាត់ដោយម៉ូតូឌុបមកដល់ស្ពានព្រែកក្តាម ហើយពេលមកដល់គាត់បានជិះរថយន្តកាមរីបន្តទៀតមកក្រុមហ៊ុនអូរឡុងពេជ្រនៅជិតផ្សារដើមគរ

* បុរសវិជ្ជមានកូវីដ១៩ខាងលើបាននិយាយថាកាលពី១៤ថ្ងៃមុន គាត់មិនបានធ្វើដំណើរទៅណាទេ ក្រៅពីក្នុងភូមិរបស់គាត់

* រាល់ថ្ងៃគាត់រស់នៅជាមួយម្តាយតែ២នាក់

* តាមការសាកសួរព័ត៌មានបន្ថែមពីក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមថាភូមិ-ឃុំដែលគាត់ស្នាក់នៅមានផ្ទុះជំងឺកូវីដ១៩

* គាត់មកកោះកុងក្នុងគោលបំណង យកម៉ូតូពីបងប្រុសគាត់នៅត្រពាំងរូង

* កាលពីថ្ងៃទី០៧ ឧសភា ឆ្នាំ២០២១ គាត់មានផ្តាសាយនិងបានហូបថ្នាំបានជាសះស្បើយហើយ

* ក្នុងរថយន្តក្រុងដែលគាត់ជិះមានអ្នករួមដំណើរចំនួន០៨នាក់/ស្រី០២នាក់

* គាត់ទើបចូលមកខេត្តកោះកុងជាលើកទី១ថ្ងៃនេះទេ។

ក្រុមការងារកំពុងស្វែងរកអ្នកប៉ះពាល់បន្ថែមជាមួយគាត់
និងបានយកសំណាកអ្នករួមដំណើរចំនួន ០៦នាក់ផ្សេងទៀតលទ្ធផលអវិជ្ជមានដោយ Rapid Test ៕