(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្ស ចំនួន២១នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមានទាំងកម្មករ កម្មការិនីររោងចក្រផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង២១នាក់នេះ មានកម្មករ កម្មការិនីរោងចក្រនៅស្រុកបាធាយ ចំនួន១២នាក់, ស្រុកកងមាស ចំនួន៧នាក់ និងស្រុកចំការលើ ចំនួន២នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ បន្ថែមទៀតថា កម្មករ កម្មការិនីរោងចក្រ លី ឈាងខប នៅស្រុកបាធាយ ដែលមានការសង្ស័យចំនួន៤២៥នាក់ ទទួលបានលទ្ធផលវិជ្ជមានចំនួន១២នាក់ និងការធ្វើតេស្ដរហ័សលើអ្នកដែលសង្ស័យបានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ១៩ ចំនួន២២១នាក់ រកឃើញវិជ្ជមានចំនួន៨នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩បន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធសូមទៅពិនិត្យសុខភាព យកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈទូរស័ព្ទលេខ 070 828 788 / 012 736 755៕