(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ និងជនបរទេសកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានរំលេចពាក្យពេចន៍អរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យពួកគេបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។

វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានក្លាយទៅជាបំណងប្រាថ្នាដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមនុស្សជាតិនៅលើពិភពលោកនាពេលបច្ចុប្បន្ន ដើម្បីការពារអាយុជីវិតរបស់ពួកគេពីមច្ចុរាជកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើការការពារអាយុជីវិតប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ១៩នេះ។

វ៉ាក់សាំងជាអាវុធ ជាកងការពារដ៏សំខាន់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ រយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ កម្ពុជារកបានវ៉ាក់សាំងជាង ៤.៥លានដូសមកចាក់ជូនប្រជាពលរដ្ឋ។ រយៈពេល៣ខែនេះ ប្រជាពលរដ្ឋជាង ១.៨លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់។

បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាសម្រុកចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលប្រឈមខ្លាំងនឹងការឆ្លងជំងឺកូវីដ១៩។ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១មក ក្រុមគ្រូពេទ្យយោធា ដែលដឹកនាំប្រតិបត្តិការផ្ទាល់ដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហមនេះបានជាង ៤៥ម៉ឺននាក់ហើយ។

មិនថាតែតំបន់ក្រហម ឬតំបន់ណានោះទេ សម្តេចតេជោ ហ៊ុន សែន បានកំណត់រូចហើយការចាក់វ៉ាក់សាំង គឺធ្វើដោយមិនគិតថ្លៃ។ ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលទទួលបានឱកាសចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ បានបង្ហាញនូវក្តីរីករាយ និងគោរពអរគុណជាអនេកចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅ ខណ្ឌដង្កោ ជាកម្មការិនីកាត់ដេរ ឈ្មោះ ហូ ឡៃហ៊ាង អាយុ ៣៥ឆ្នាំ បានរំលេចវាចាអរគុណសម្តេចតេជោ តាមរយៈប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ហូ ឡៃហ៊ាង បានសរសេរលើប័ណ្ណនោះថា «សូមអរគុណសម្តេចពុក ដែលគិតគូរដល់សុខទុក្ខប្រជាជនកម្ពុជា។ សូមឱ្យសម្តេចជួបតែសេចក្តីសុខ ហើយនៅគ្រប់គ្រងប្រជាជនកម្ពុជាទៅមុខទៀត»

ជនបរទេសម្នាក់ទៀតដែលមានឈ្មោះ SONG BOOKKI អាយុ ៤៤ឆ្នាំ ក៏បានផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ តាមរយៈប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។ លោក SONG BOOKKI បានសរសេរជាភាសាអង់គ្លេសថា «Thank you Samdech Hun Sen for providing Covid-19 vaccine to foreingners living in Cambodia free of charge»។ មានសេចក្តីជាខេមរភាសាថា «សូមអរគុណសម្តេច ហ៊ុន សែន សម្រាប់ការផ្តល់វ៉ាក់សាំងជូនជនបរទេសរស់នៅកម្ពុជា ដោយឥតគិតថ្លៃ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហមនេះ គឺចាក់រហូតទាល់តែអស់ បើចាក់មិនអស់មិនដកថយនោះឡើយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ កំពុងដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តប្រជាពលរដ្ឋ ដែលបានផ្តល់ការគោរព និងដឹងគុណចំពោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមជាអ្នកប្រតិបត្តិការលើការងារចាក់វ៉ាក់សាំងនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបង្ហាញការប្តេជ្ញាចិត្តគោរពតាមបទបញ្ជាសម្តេចតេជោ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្នា និងឱ្យបានលឿនតាមផែនការរបស់សម្តេចតេជោ៕