(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន២២គ្រួសារ ដែលរស់នៅក្នុងតំបន់កំពុងធ្វើចក្តាឡីស័ក បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។

សកម្មភាពមនុស្សធម៌នាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតំបន់ធ្វើសក្តាឡីស័កប្លុកផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២។

ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌបានសំណេះសំណាល និងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ផ្ទះជួលដែលកំពុងធ្វើចក្តាឡីស័កត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។ ជំងឺកូវីដ១៩នេះ ជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ១៩ គ្មានសាច់ញាតិ បងប្អូនណា អាចទៅចូលរួមចំអាសទឹក ឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់ឱ្យក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ។

លោកអភិបាលខណ្ឌ បានបន្តថា តាមរបាយការណ៍ ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេសជាង ១០០នាក់ហើយ ដោយឡែកក្នុងខណ្ឌច្បារអំពៅ មានអ្នកស្លាប់ចំនួន១២នាក់ ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ធ្វើចក្តាឡីស័ក ត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវីធានការ «៣ការពារ ៣កុំ» និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលបច្ចុប្បន្នមេរោគដ៏កាចសាហាវនេះ កំពុងតែឆ្លងរាលដាលនៅលើពិភពលោក ហើយក៏កំពុងតែសម្លាប់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចតេជោ «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

អំណោយដែលប្រជាពលរដ្ឋទទួលបាននៅពេលនេះក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ ១យួ ត្រីខ១យួរ៕