(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជនដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ចំនួន១២៦នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប $1,095,334.00 និងសម្ភារមួយចំនួនទៀតរួមមាន៖ ម៉ាស់ ១០ម៉ឺន, អាល់កុល ៣.៦០០លីត្រ, សាប៊ូលាងដៃ ៦.០០០លីត្រ, ត្រីខ ៥០កេស, ទឹកសុទ្ធ ១០.០០០យួរ/កេស និងចេក ទុំ២០កេស ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) សម្រាប់ជាការរួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងឱកាសទទួលថវិកា និងសម្ភារខាងលើនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក៏ដូចជាជំនួសមុខជូនលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះការផ្តួចផ្តើម និងសមានចិត្តរបស់សប្បុរសជនទាំង១២៦រូប ដែលបានរួបរួមគ្នាឧបត្ថម្ភគាំទ្រដល់កងទ័ព ក៏ដូចជាសមាគមនៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេស។

លោកក៏បានលើកឡើងផងដែរថា ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាកិច្ចការរួមមួយដែលគ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ដែលក្នុងនោះ កងទ័ពក៏បានរួមចំណែកនៅក្នុងកិច្ចការធំៗ ជាច្រើន ទាំងការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, ការរៀបចំមន្ទីរពេទ្យ-មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងការចុះចែកស្បៀងអាហារជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។

ក្រៅពីនេះ កងទ័ពក៏បានចូលរួមក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដោយបានប្រើប្រាស់កម្លាំងសរុប ៣.៣០៥នាក់មកពីបណ្តា ២០អង្គភាព ហើយក្នុងនោះកងទ័ពជើងគោក ក៏បានបញ្ចេញកម្លាំងប្រមាណជាង ៨០០នាក់ រួមជាមួយសម្ភារ និងមធ្យោបាយ ចុះជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅតាមផែនការផងដែរ។

គិតមកដល់ពេលនេះ ក្រុមការងារនៃកងយោធពលខេមរភូមិន្ទ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមសម្រេចបានជិត ៤០ម៉ឺននាក់ ស្មើនឹង ៥០% លើផែនការរួមប្រមាណ ៨០ម៉ឺននាក់។

លោកក៏បានជម្រាបជូនសប្បុរសជនផងដែរថា នៅក្នុងប្រតិបត្តិការកន្លងមកនេះ កងទ័ពជើងគោក ក៏ដូចជាសមាគមបានខិតខំបំពេញភារកិច្ចដោយប្រើប្រាស់ធនធាន និងលទ្ធភាពរបស់ខ្លួនដែលមានក្នុងដៃដើម្បីឆ្លើយតបនឹង ស្ថានភាពផ្ទុះឡើងជាក់ស្តែង ខណៈលទ្ធភាពធានាតាមផែនការនៅមានកម្រិត។ ដូចនេះ ការរួមចំណែកឧបត្ថម្ភដ៏ថ្លៃថ្លានេះ នឹងបានជួយសម្រួល និងផ្តល់លទ្ធភាពបន្ថែមមួយកម្រិតទៀតដល់ក្រុមការងារ ដើម្បីបន្តបេសកកម្មរបស់ខ្លួន។ ចំពោះថវិកាដែលផ្តល់ជូននេះ គឺ៥០% នឹងបែកចែកដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ៥០% ទៀត រួមជាមួយសម្ភារនឹងផ្តល់មកឲ្យខាងកងទ័ព ដើម្បីបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

អ្នកឧកញ៉ា លី យ៉ុង ផាត់ និងអ្នកឧកញ៉ា គិត ម៉េង តំណាងឱ្យសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង១២៦ រូប បានសម្តែងនូវចំណាប់អារម្មណ៍ពេញចិត្ត និងគោរពកោតសរសើរចំពោះការលះបង់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងការខិតខំពុះពាររបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងរបស់យើងទាំងអស់នៅក្នុងការទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏លំបាកចំពោះមុខនេះ។

ជាចុងក្រោយ តាមរយៈអ្នកឧកញ៉ា លី យ៉ុងផាត់ និងតំណាងសប្បុរសជនទាំង ០៩រូបទៀតលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង ១២៦ រូប ចំពោះការឧបត្ថម្ភគាំទ្រដល់បេសកកម្មជួយដ៏មានសារៈសំខាន់បំផុតនេះ៕