(មណ្ឌលគិរី)៖ «ដើមភ្លៅនាង» ជាច្រើនដើម ត្រូវបានមន្ត្រីឧទ្យានុរក្សល្បាតប្រទះឃើញ នៅដែនជម្រកសត្វព្រៃលំផាតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ «ដើមភ្លៅនាង» មានភាពទាក់ទាញជាខ្លាំង ព្រោះដើមឈើប្រភេទនេះ មានសាច់សរលោង ស្រលូនឡើងទៅលើ ខុសប្លែកពីប្រភេទដើមឈើដទៃទៀត។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឱ្យដឹងថា «ដើមភ្លៅនាង» ជាប្រភេទរុក្ខជាតិក្នុងព្រៃដែលពើបប្រទះឃើញ នៅក្នុងតំបន់ព្រៃអភិរក្សលំផត់ ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រភេទឈើនេះ មានដុះដោយដុំដោយកន្លែងនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ ដែលកន្លែងខ្លះ មានប្រហែល២០ ឬ៣០ដើម និងកន្លែងខ្លះអាចមានដល់៥០ដើម។

ប្រធានមន្ទីររូបនេះ បានបន្ថែមថា «ដើមឈើនេះវាទាក់ទាញអារម្មណ៍យើងត្រង់ថាវារលូន និងស្រលូនល្អប្រៀបដូចជាភ្លៅមនុស្សអញ្ចឹង»

បើតាមលោក កែវ សុភគ៌ នៅពេលដែលយើងធ្វើដំណើរបានមកដល់ ឬជួបដើមភ្លៅនាងធ្វើឲ្យអារម្មណ៍យើងហាក់សប្បាយរីករាយ និងបាត់ភាពនឿយហត់បានមួយចំណែកផងដែរ។ ម្នាក់ៗតែងតែថតរូបដើមភ្លៅនាង ដើម្បីយកទៅបង្ហាញឱ្យអ្នកផងបានស្គាល់ ឬក៏យកទៅចែករំលែកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

ប្រធានមន្ទីរបរិស្ថានរូបនេះ បានលើកឡើងថា មនុស្សជាច្រើនចង់ឃើញដោយផ្ទាល់អំពីដើមភ្លៅនាងនេះ។ លោកបន្តថាតំបន់អភិរក្សលំផាត់ សំបូរទៅដោយធនធានធម្មជាតិ និងរុក្ខជាតិច្រើនប្រភេទ ហើយបច្ចុប្បន្ននេះ កំពុងត្រូវបានគាំពារ និងថែរក្សាដោយមន្ត្រីឧទ្យាននុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី។

លោក កែវ សុភគ៌ ដែលតែងតែចំណាយពេលវេលានៅជាមួយធម្មជាតិនៃតំបន់ការពារលំផាត់ បាននិយាយថាដើមភ្លៅនាងទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅនៅពេលដែលឃើញ សម្រស់របស់វា។ លោកថាស្ថិតនៅក្នុងតំបន់អភិរក្សលំផាត់នោះ ដើមភ្លៅនាងមានមិនច្រើនពេកទេ។ យ៉ាងណាក៏ដោយក្រុមមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នឹងថែរក្សាគាំពារដើមភ្លៅនាងនេះឱ្យមាននិរន្តរភាព ដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋខ្មែរ បានឃើញនៅពេលអនាគតពោលគឺ ហើយរំពឹងថា ដើមភ្លៅនាងមិនផុតពូជនោះឡើយ៕