(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តបំភ្លឺមួយ ទៅកាន់បណ្តាញព័ត៌មាន ជុំវិញធ្វើសវនកម្មលើប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ដើម្បីបង្ការការគេចវេះពីការបំពេញកាតព្វកិច្ចបង់ចំណូលជូនរដ្ឋ។

ក្រសួងសូមធ្វើការបំភ្លឺថា ការធ្វើអធិការកិច្ច និងការបង់ចំណែកនៃប្រាក់ចំណូល (Revenue Share) និងមូលនិធិ USO និងCBRD ជូនរដ្ឋ គឺបានកំណត់ក្នុងលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងច្បាប់ស្ដីពីទូរគមនាគមន៍ ដែលមានចែងអំពីកាតព្វកិច្ចសម្រាប់ប្រតិបត្តិករត្រូវបំពេញ។ ដូចនេះ ការបង់ចំណែកនៃប្រាក់ចំណូលជូនរដ្ឋត្រឹមត្រូវ មិនមែនជា គោលការណ៍ថ្មី ឬបន្ទុកបន្ថែមនោះទេ ហើយប្រតិបត្តិករសេវាអ៊ីនធឺណិត ដែលបានប្រកាសពន្ធ និងបំពេញកាតព្វកិច្ច ខ្ជាប់ខ្ជួននៅតែបន្តរក្សាតម្លៃសេវាអ៊ីនធឺណិតសមរម្យដដែល។

ក្នុងចំណោមប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតទាំង៤២ មានក្រុមហ៊ុនខ្លះបានបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហើយក្រសួងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តវប្បធម៌បែបនេះ ដែលជាការចូលរួមពង្រឹង សណ្តាប់ធ្នាប់ក្នុងវិស័យទូរគមនាគមន៍ បង្កើនទំនុកចិត្តវិនិយោគិន និងការពារអ្នកប្រើប្រាស់។ ដោយឡែក ក្រុមហ៊ុនមួយចំនួន ដែលធ្លាប់តែកេងបន្លំអតិថិជន និងគេចវេះកាតព្វកិច្ចបង់ចំណូលជូនរដ្ឋជាច្រើនលានដុល្លារ ដែលក្រសួងបានរកឃើញ ត្រូវកែតម្រូវដោយការទទួលខុសត្រូវខ្ពស់ ចំពោះមុខច្បាប់៕