(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភានេះ បានបញ្ជាក់ថា ដោយសារឥទ្ធិពលនៃការរាលដាល ជំងឺកូវីដ-១៩ មានកម្រិតធំធេងរហូតឈានដល់ការបិទខ្ទប់ភូមិសាស្រ្តរាជ-ធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ, រាជរដ្ឋាភិបាលពិនិត្យឃើញពីភាពចាំបាច់ ក្នុងការដាក់ចេញនូវជំនួយអន្តរាគមន៍សង្គម ដើម្បីជួយដោះស្រាយជីវភាព របស់គ្រួសារប្រជាពលរដ្ឋមានកមិ្រតជីវភាពទាប នៅក្នុងអំឡុងពេល និងមួយរយៈពេលខ្លីក្រោយដំណាក់កាលដ៏លំបាកនេះ។

នៅក្នុងរយៈពេលអនុវត្តវិធានការបិទខ្ទប់, រាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ «ជំនួយសង្រ្គោះបន្ទាន់ក្នុងពេលបិទខ្ទប់» ជាស្បៀងអាហារ រួមមាន អង្ករ, មី, ត្រីខកំប៉ុង, ទឹកត្រី និង/ឬ ទឹកស៊ីអ៊ីវ ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ, ប្រជាពលរដ្ឋក្រីក្រ, កម្មករ-និយោជិត និង គ្រួសារប្រជាពលរដ្ឋផ្សេងទៀត ដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ហើយកំពុងរស់នៅក្នុងតំបន់ភូមិសាស្រ្តបិទខ្ទប់ រួមជាមួយនឹងការដាក់ ចេញនូវយន្តការសម្រួលឲ្យប្រជាពលរដ្ឋ អាចទិញស្បៀងអាហារ និង ទំនិញជាគ្រឿងឧបភោគបរិភោគ ដោយសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ និង តាមថ្លៃសមរម្យ។

បន្ថែមលើនេះ, ក្នុងគោលបំណងជួយដោះស្រាយការលំបាក របស់គ្រួសារប្រជាពលរដ្ឋដែលមានកមិ្រតជីវភាពទាប រស់នៅក្នុងភូមិសាស្រ្តនៃតំបន់ ដែលត្រូវបានអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ក៏ដូចជាជួយដល់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព នៅទូទាំងប្រទេស៕