(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រគល់ថ្នាំវីតាមីនសេ (C) ជាង២០០០ទីប ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីយកទៅផ្តល់លើការងារព្យាបាលជំងឺកូវីដ-១៩ ខណៈដែលមានប្រជាពលរដ្ឋជាង ១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ។

ពិធីប្រគល់ និងទទួលថ្នាំពេទ្យនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅតាមវេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានធ្វើការណែនាំប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ ជនពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឱ្យបានល្អ ជាមួយនឹងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ។

លោក ងី មានហេង បានបញ្ជាក់ផងដែរថា ថ្នាំប្រភេទវីតាមីន C ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះ ពិតជាថ្នាំដែលមានសារសំខាន់ ដោយជួយធ្វើឱ្យអ្នកជំងឺកូវីដ-១៩ មានកម្លាំងកំហែង និងបានឆាប់ជាសះស្បើយ ជាមួយនឹងការបំប៉ននូវចំណីអាហារ ដែលមានដូចជាស្វាយខ្ចី និងក្រូចឆ្មារជាដើម។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមមាន ថ្នាំវិតាមីន C ចំនួន ១.៩០០ទីប។ ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្នាំវិតាមីន C ចំនួន ៥០០ទីប មី ចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕