(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល និងជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីនោះ លោកឧកញ៉ា ស្រី ស៊ីណា ម្ចាស់បន្ទប់ជួលបានសម្រេចបញ្ចុះតម្លៃ៥០%ថែមទៀត សម្រាប់អ្នកនៅ «តំបន់ក្រហម» សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ផ្ទះជួលរូបនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា «ដើម្បីសំរួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី យើងខ្ញុំសូមបញ្ចុះថ្លៃបន្ទប់ជួលប្រចាំខែ ចំនួន៥០ភាគរយជូនពួកគាត់ នៅតំបន់ក្រហម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ»។

បើតាមម្ចាស់ជួលផ្ទះរូបនេះ កាលពីខែមីនា លោកក៏បានបញ្ចុះតម្លៃផ្ទះជួលផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ ហើយនៅពេលនេះដោយសារស្ថានភាពកូវីដមិនទាន់មានការធូរស្រាលខ្លាំង លោកសូមប្រកាសបញ្ចុះតម្លៃ ថែមទៀត ចំនួន៥០ភាគរយនៅតំបន់ក្រហម។

នៅថ្ងៃនេះដែរលោកឧកញ៉ា ស្រី ស៊ីណា ក៏បានបញ្ចុះតម្លៃផ្ទះជួលចំនួន៥០ភាគរយផងដែរ ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលស្នាក់នៅផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» ខណ្ឌឬស្សីកែវ ចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ៕