(កំពង់ឆ្នាំង)៖ មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ដែលជាបិតាមាតាលោកឧកញ៉ា អ៉ឹង ប៊ុនហូវ បានសាងសង់ផ្ទះមួយខ្នងជូនស្ត្រីក្រីក្រម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើជាទីជម្រកឱ្យបានសមរម្យរស់នៅជាមួយកូន និងក្មួយកំព្រា។ ផ្ទះមួយខ្នងនេះសង់ពីឈើប្រក់ស័ង្កសីទំហំ ៥ម៉ែត្រ គុណ ១០ម៉ែត្រ កម្ពស់ ៩.៥០ម៉ែត្រ ដោយចំណាយថវិកាចំនួន ៨,០០០ដុល្លារអាមេរិក។

អ្នកស្រី សំ ឈុននី អាយុ ៥៦ឆ្នាំ រស់នៅតំបន់ទឹកលិចក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ដោយសារការខ្វះខាតក្នុងជីវភាព បានទ្រាំរស់ជាមួយកូន និងក្មួយកំព្រាក្នុងផ្ទះ ដែលមានសភាពទ្រុឌទ្រោម និងធ្លុះធ្លាយ ហើយជួបការលំបាកជាខ្លាំងនៅរដូវភ្លៀងព្រោះត្រូវទឹកលិច។

ដោយមើលឃើញពីការលំបាក និងក្តីអាណិតអាសូរចំពោះស្ត្រីរូបនេះ មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ដែលជាអ្នកមានទឹកចិត្តសណ្តោសប្រណៃ និងទឹកចិត្តបរិបូរណ៍ដោយសទ្ធាជ្រះថ្លានោះ បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនអ្នកស្រី សំ ឈុននី ដើម្បីស្នាក់នៅបាំងភ្លៀងផ្គរជាមួយកូន និងក្មួយ។

ផ្ទះមួយខ្នងនេះត្រូវបានសាងសង់រួចរាល់ ហើយត្រូវបានក្រុមការងារធ្វើពិធីប្រគល់ជូនអ្នកស្រី សំ ឈុននី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

ជាជនធ្លាប់ជួបការលំបាក រស់ក្នុងផ្ទះធ្លុះធ្លាយ ត្រូវទឹកលិចពីមុខពីក្រោយនោះ អ្នកស្រី សំ ឈុននី បានសម្តែងនូវក្តីត្រេកអរ និងរីករាយជាពន់ពេក នៅពេលទទួលបានផ្ទះធ្វើជាទ្រនំដ៏កក់ក្តៅសម្រាប់ការរស់នៅជាមួយកូន និងក្មួយ។ អ្នកស្ត្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកមេត្តា និងសណ្តោសប្រណៃរបស់មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ក្នុងការសាងសង់ផ្ទះជូនអ្នកស្រី។

មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ តែងមានក្ដីអាណិតសណ្ដោសប្រណី និងផ្ដល់អំណោយជាបន្តបន្ទាប់ទៅជនទីទល់ក្រ និងអ្នកមានជីវភាពលំបាកខ្វះខាត ជាពិសេសជនគ្មានទីជម្រកស្នាក់នៅសមរម្យ។ កន្លងមកលោកទាំងពីរ បានសាងសង់ផ្ទះថ្មីជូនលោកយាយចំណាស់ម្នាក់ដែលផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះ និងជនពិការម្នាក់ទៀតគ្មានទីជម្រកសមរម្យស្នាក់នៅផងដែរ៕