(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១២០គ្រួសារ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្តកណ្ដាល បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំង ទៅនឹងមេរោគដ៏កាចសាហាវកូវីដ-១៩ ហើយក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតជាក់ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តអោយត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ» ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឲ្យបាននាពេលខាងមុខ។

មិនតែប៉ុណ្ណោះលោកអភិបាល ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ពីព្រោះវាជាបញ្ហាប្រឈមរួមរបស់យើងទាំងអស់គ្នា ដែលតំរូវឲ្យតែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារ អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍។ ត្រូវរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ជំងឺដ៏កាចសាហាវនេះ ជាមួយអជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈបានឆាប់រហ័សនាពេលខាងមុខនេះ។

គួរជម្រាបថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង១២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ មី ១កេស និងត្រីខ ២យួរ៕