(ពោធិ៍សាត់)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយមួយចំនួន ដល់ប្រជានុរាស្ត្រដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅខេត្តពោធិ៍សាត់ សរុបចំនួន ១៦០ គ្រួសារ។

ព្រះរាជអំណោយដ៏ថ្លៃថ្នាទាំងនេះ ត្រូវបាននាំយកទៅប្រគល់ប្រជាពលរដ្ឋតាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមសកម្មភាពដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ប្រជាពលរដ្ឋដែលរងគ្រោះនោះ រួមមាន៖

១៖ ស្រុកកណ្តៀង ប៉ះពាល់ ៥ឃុំ ស្មើនឹង ២៤គ្រួសារ របើកដំបូលផ្ទះចំនួន ២១ខ្នង និងប៉ះពាល់ធ្ងន់ធ្ងរ ៣ខ្នង

២៖ ស្រុកក្រគរ ប៉ះពាល់ ៦ឃុំ ស្មើនឹង ៨៤គ្រួសារ របើកដំបូល ៧១ខ្នង ធ្លាក់ពីលើជើងតាង ៦ខ្នង
និងរងរបួសស្រាល ១នាក់

៣៖ ក្រុងពោធិ៍សាត់ ប៉ះពាល់ ៤សង្កាត់ ស្មើនឹង ៣២គ្រួសារ របើកដំបូល ២៩ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ ៣ខ្នង និងរងរបួស ១នាក់

៤៖ ស្រុកបាកាន ប៉ះពាល់ ៣ឃុំ ស្មើនឹង ៩គ្រួសារ មានរបើកដំបូល ៧ខ្នង និងរលំ ២ខ្នង

៥៖ ស្រុកតាលោសែនជ័យ ប៉ះពាល់ ២ឃុំ រងគ្រោះ ១១គ្រួសារ ស្មើនឹង ១១ខ្នងផ្ទះ ប៉ះពាល់ធ្ងន់ធ្ងរ។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ និងព្រួយបារម្ភអំពីស្ថានភាពនៃជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដែលបានទទួលរងគ្រោះដោយមហន្តរាយនៃខ្យល់កន្ត្រាក់នាពេលនេះ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅក្រៃលែងចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលរស់នៅតាមបណ្តាមូលដ្ឋានខាងលើ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងបញ្ហាជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព និងការខូចខាតនូវភោគផលដំណាំទ្រព្យសម្បត្តិផ្សេងៗជាដើម។

ហេតុនេះហើយ ព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានសម្តេចចៅហ្វាវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នាំមកនូវព្រះរាជអំណោយជូនប្រជារាស្ត្រទាំង ១៦០ គ្រួសារ ក្នុងក្រុង-ស្រុកចំនួន ៥ នៃខេត្តពោធិ៍សាត់ ដែលបានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង កាលពីព្រលប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នាពេលកន្លងមក។

ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ដែលសម្តេចចៅហ្វាវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានជូនដល់ប្រជារាស្ត្រទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ មានចំនួនសរុបជាមេគ្រួសារ ១៦០នាក់ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ៥០គ.ក្រ, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) មី ១កេស ស្មើនឹង ៣០កញ្ចប់, ត្រីខ ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ៨សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះដោយសាររលំផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៥គ្រួសារ និងថវិកាចំនួន ៤សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះដោយរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ១៣៥គ្រួសារ។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្រ្តរស់នៅក្នុងស្រុកកណ្តៀង ស្រុកក្រគរ ស្រុកបាកាន ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ នៅពេលនេះគឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ ទឹកជំនន់ និងភាពរាំងស្ងួត ជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ដោយបន្តព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លាពីព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយសំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍សំរាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្រ្តកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។

ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយខាងលើ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងបានថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕