(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ ដែលជាអ្នកធ្វើដំណើរមកពីខេត្តកណ្តាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តរតនគិរី បានអះអាងថា អ្នកដែលទើបរកឃើញវិជ្ជមានកូវីដ-១៩នេះ តាមរយៈលទ្ធផលធ្វើវិភាគដោយប្រើឧបករណ៍តេស្តរហ័សមានឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើដំណើរមកពីខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកវិជ្ជមានជំងឺកូវីដខាងលើ សូមតាមដានសុខភាពខ្លួនជាប្រចាំ។ ប្រសិនបើមានអាការៈខុសប្រក្រតី ដូចជាក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញធរមូលដ្ឋាន និងរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕