(ភ្នំពេញ)៖ អំណោយជាស្បៀងអាហាររបស់ក្រុមគ្រួសារត្រកូល «ឯក» ដែលគៀងគរដោយលោកយាយ Jeanette kim នៅសហរដ្ឋអាមេរិក ត្រូវជាជីដូនរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បាននាំយកមកប្រគល់ជូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាសង្កាត់មួយ ត្រូវបានអាជ្ញាធរបិទខ្ទប់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។

លោក ឯក ឃុនដឿន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់ក្រុមគ្រួសារ ត្រកូល «ឯក» និងអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋចំនួន២សង្កាត់ ចំនួន២៥០គ្រួសារ ដើម្បីរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់។

អំណោយរបស់សម្ដេចតេជោ ហ៊ុនសែន បានប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ចំនួន១៥០គ្រួសារ នឹងបន្តចែកជូនប្រជាពលរដ្ឋ នៅសង្កាត់បឹងសាឡាង ដែលជាអំណោយរបស់ក្រុមគ្រួសារត្រកូល «ឯក» ចំនួន១០០គ្រួសារ សរុបចំនួន ២៥០គ្រួសារ។

លោក ឯក ឃុនដឿន បានលើកឡើងថា អំណោយចំនួន១៥០គ្រួសារ ដែលចែកបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់ទី៣នេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន។ ចំណែកអំណោយដែលប្រគល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ
នៅក្នុងសង្កាត់បឹងសាឡាង គឺជាអំណោយរបស់ក្រុមគ្រួសារត្រកូល «ឯក» ដឹកនាំដោយលោកយាយ Jeanette kim នៅសហរដ្ឋអាមេរិក ដែលជាជីដូនរបស់លោក ដោយលោកយាយបានកៀងគរក្រុមគ្រួសារត្រកូល «ឯក» ចំនួន ៤៥រូប បានទឹកប្រាក់ចំនួន៣០០០ដុល្លារ ដើម្បីទិញស្បៀងអាហារ មកប្រគល់ជូនប្រជាពលរដ្ឋដែលមានជាភាពខ្វះខាតនៅអំឡុងពេលនេះបិទខ្ទប់នេះ។

ក្នុងពិធីចែកអំណោយនោះដែរ លោក ឯក ឃុនដឿន ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តឱ្យបាននូវ វិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ «៣កុំ និង៣ការពារ»៕