(បាត់ដំបង)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងថ្មី នៅក្នុងសាលមហោស្រពស្ទឹងសង្កែ ដែលត្រៀមទុកសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រុងបាត់ដំបង ដើម្បីត្រៀមលក្ខណៈទុក ក្នុងករណីដែលមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ក្នុងខេត្តមួយនេះ។

អភិបាលខេត្ត បានថ្លែងថា ក្នុងពេលថ្មីៗនេះ នៅខេត្តបាត់ដំបង អ្នកកើតជំងឺកូវីដមានការកើនឡើងជាបន្តបន្ទាប់ ដែលខ្លះមកពីប្រទេសថៃ មកពីភ្នំពេញ និងខ្លះទៀតមកពីខេត្តផ្សេងទៀត ហើយបច្ចុប្បន្នក៏បានរកឃើញអ្នកឆ្លងជំងឺ ដែលកំពុងសំរាកព្យាបាលមានចំនួន២៨នាក់ហើយ។

លោកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ រដ្ឋបាលខេត្តបាត់ដំបង បានយកសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបងធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ ដោយបានត្រៀមបុគ្គលិកពេទ្យ គ្រែ និងឧបករណ៍ផ្សេងៗជាស្រេចដើម្បីទទួលអ្នកជំងឺ មកព្យាបាលដែលមានទៅតាមជាក់ស្តែង បើសិនជាមានករណីបន្តផ្ទុះជំងឺនេះឡើងនៅខេត្តបាត់ដំបងច្រើន៕