(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងពេលជួបនូវវិបត្តជំងឺកូវីដ១៩នេះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី រួមទាំងសប្បុរសជនមួយចំនួនទៀត បានឧបត្ថម្ភអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋចំនួន ១,២៥០គ្រួសារ ដែលរស់នៅក្នុងខណ្ឌចំនួន ៥ នៃរាជធានីភ្នំពេញ មានខណ្ឌ៧មករា ខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌទួលគោក។

អំណោយនេះត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមរយៈលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ កណ្តាល និងជាប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ព្រមជាមួយសមាជិកក្រុមជំនួយការផ្នែកក្រៅប្រព័ន្ធ រួមជាមួយវត្តមានអាជ្ញាធរមូលដ្ឋានជាអភិបាល-អភិបាលរងនៃខណ្ឌទាំង ៥ ខាងលើ ព្រមទាំងសប្បុរសជនមួយចំនួនទៀតផងដែរ។

អំណោយទាំងនោះមានជាគ្រឿងឧបភោគបរិភោគ ម៉ាស់ និងថ្នាំពេទ្យបឋមជាដើម ដែលរៀបចំទទួលបែងចែកបន្តតាមរយៈមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ-១៩ បង្កើតដោយ Group Telegram AntiCovid19Cambodia។

ក្នុងឱកាសនោះ លោក ហោ សេរីវឌ្ឍន៍ បានពាំនាំការសួរសុខទុក្ខដល់ប្រជាពលរដ្ឋពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជាគំរូរបស់យុវជនគ្រប់រូបក្នុងការចូលរួម និងដឹកនាំការប្រយុទ្ធប្រឆាំងការរីករាលដាលនូវជំងឺកូវីដ-១៩ នៅកម្ពុជា។

លោកក៏បានគូសបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំ ក៏ដូចជាសប្បុរសជនផ្សេងៗទៀត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនាពេលនេះ។

លោកក៏បានសំណូមពរ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវមានសង្ឃឹមជឿជាក់ និងភាពអត់ធ្មត់ខ្ពស់ ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ, ត្រូវចេះចែករំលែកគ្នាទៅវិញទៅមកនូវគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យ ទៅអ្នកជិតខាងដែលត្រូវការចាំបាច់ផ្សេងទៀត និងគោរពអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ហើយបន្តកុំចេញក្រៅផ្ទះ បើមិនចាំបាច់ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច។

សូមជម្រាបថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប, ស្ករស ១គីឡូក្រាម និងកញ្ចាប់ថ្នាំព្យាបាលបឋម និងម៉ាស់ផងដែរ៕