(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដថ្មីម្នាក់ទៀត នាយប់ថ្ងៃទី១១ ខែឧសភា ដែលជាអ្នកដំណើរទើបវិលត្រឡប់មកពីរាជធានីភ្នំពេញ និងកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កគុរុកោសល្យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ម្នាក់ទៀតនេះ មានឈ្មោះ សែម លក្ខ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បានធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានណែនាំឱ្យ ឈ្មោះ សែម លក្ខ ស្នាក់នៅមណ្ឌលចត្តាឡីស័ក ដើម្បីតាមដានសុខភាព។
លុះនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាក និងទទួលបានលទ្ធផលអវិជ្ជមាន តែបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ក។ បន្ទាប់មកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលជាកាលកំណត់នៃការយកសំណាកលើកទីពីរ ទើបទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប។
គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១១ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៦នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕