(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ពីព័ត៌មានបឋម ស្ដីពីករណីភ្លើងឆេះផ្ទះ និងសម្លាប់មនុស្ស ៦ នាក់ ទាំងទារកនៅក្នុងពោះម្ដាយម្នាក់ផង ដែលបានកើតឡើងនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកស្នងការរង បានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះសម្លាប់មនុស្ស ៦នាក់ទាំងទារក នៅក្នុងពោះម្ដាយម្នាក់ផង ដែលបានកើតហេតុកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ គឺជាអំពើឃាតកម្ម ដែលឃាតកត្រូវបានសមត្ថកិច្ចវែកមុខឃើញហើយ។
លោកបញ្ជាក់ថា «ឃាតកគឺជាប្ដី និងជាឪពុក ដែលបានដុតផ្ទះសម្លាប់ប្រពន្ធ និងកូនខ្លួនឯង»។ ព័ត៌មានលម្អិតលោកស្នងការខេត្ត នឹងធ្វើសន្និសីទសារព័ត៌មាននៅពេលក្រោយ៕