(កំពង់ឆ្នាំង)៖ ក្រុមការងារស៉ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចោទបុគ្គលឈ្មោះ នុន សារ៉េត «ពីបទឃាតកម្ម» ទៅលើជនរងគ្រោះដែលជាប្រពន្ធ និងកូន ៥នាក់ ហើយដុតផ្ទះចោល ដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
យោងតាមប្រភពពីអង្គភាពការពារកុមារ (CPU) បុគ្គលឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំ គឺជាប្តី និងឪពុករបស់ជនរងគ្រោះទាំង៥នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះ ហើយនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង នៃខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
សមាជិកនៃក្រុមការងារ បានធ្វើការយ៉ាងមមាញឹកអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ ដើម្បីប្រមូលគ្រប់ភស្តុតាងដែលមាន និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកកោសល្យវិច័យសាកសព និងអ្នកជំនាញស៉ើបអង្កេតករណីអគ្គីភ័យ នៅប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំនូវភស្តុតាងល្អបំផុតដាក់ចូលសំណុំរឿង។
«បន្ទាប់ពីយើងបានត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពទាំង៥ (កូនក្នុងផ្ទៃម្នាក់ សរុប៦នាក់) យើងបានចាប់អារម្មណ៍ថា មានភាពមិនប្រក្រតីយ៉ាងខ្លាំងជាច្រើន ដែលបានកើតឡើងនៅក្នុងកន្លែងកើតហេតុនេះ ហើយសេចក្តីបំភ្លឺរបស់ជនសង្ស័យ ក៏មិនស៉ីចង្វាក់ជាមួយអ្វីៗដែលយើងបានឃើញ»។ នេះបើតាម លោក James McCABE នាយកប្រតិបត្តិ CPU ។
លោកបន្តថា «នេះគឺជាអំពើដ៏ឃោរឃៅមួយ ដែលមានផលប៉ះពាល់ដល់ក្រុមការងារយើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់ក្រុមការងារទាំងអស់គ្នា ដែលយើងអាចទទួលលទ្ធផលស៉ើបអង្កេតនេះបាន គឺពីព្រោះការប្តេជ្ញា និងការខិតខំប្រឹងប្រែងរបស់មន្ត្រីស៉ើបអង្កេត និងមន្ត្រីកោសល្យវិច័យទាំងអស់គ្នា ដែលបានព្យាយាមប្រមូលភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកទៅលើបុគ្គលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់មន្ត្រីជំនាញនៅប្រទេសអូស្រ្តាលី ដែលបានផ្តល់ជាជំនួយក្នុងការវិភាគភស្តុតាងរបស់យើង»។
សូមជម្រាបថា ប្តីដែលសម្លាប់ប្រពន្ធ និងកូន៥នាក់ ហើយដុតផ្ទះចោល បានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អំពើឃាតកម្ម ត្រូវបានសមត្ថកិច្ចវែកមុខឃាតកឃើញហើយ។
លោកបញ្ជាក់ថា «ឃាតកគឺជាប្ដី និងជាឪពុក ដែលបានដុតផ្ទះសម្លាប់ប្រពន្ធ និងកូនខ្លួនឯង»៕