(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពត នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងកៀរគរមូលនិធិសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ»។
ពិធីនេះក៏មានចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកទាំង៨ក្នុងខេត្ត ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត។
ក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ បានសម្ដែងការកោតសរសើរចំពោះសប្បុរសជន ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន សិប្បករ អាជីវករ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមមូលនិធិ ដើម្បីសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយឧប្បតិ្តហេតុផ្សេងៗ ក្នុងទូទាំងប្រទេស ដោយមិនមានការរើសអើងអ្វីឡើយ។
លោក ជាវ តាយ បានបន្តទៀតថា ដោយសារស្ថាប័នកាកបាទក្រហមកម្ពុជា គឺជាស្ថាប័នអង្គការមនុស្សធម៌ធំជាងគេក្នុងប្រទេសកម្ពុជា និងបានបម្រើសកម្មភាពមនុស្សធម៌ឈានមុខគេ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបគ្រោះមហន្តរាយផ្សេងៗ មិនមានការរើសអើង ប្រកបដោយភាពអព្យាក្រិត មានតម្លាភាព ឆ្លើយតបបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ។ ស្ថាប័នកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគុណធម៌ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើឱ្យសប្បុរសជនគ្រប់ទិសទី មានចិត្តសប្បុរស ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការបរិច្ចាគ ធនធាន ថវិកាជូនកាកបាទក្រហម ជាហូរហែ បន្តបន្ទាប់នាពេលកន្លងមក ពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះតែម្តង។
លោក ជាវ តាយ បានបន្តថា សម្រាប់សាខាកាកបាតក្រហមកម្ពុជាខេត្តកំពតឆ្នាំនេះ បើតាមការរំពឹងទុក សង្ឃឹមថា ការកៀរគរថវិការពីសប្បុរសជនចូលរួមដោយស្ម័គ្រចិត្តប្រកបដោយ សទ្ធាជ្រះថ្លា ប្រហែលជាមិនតិចជាងឆ្នាំមុនទេ គឺក្នុងរង្វង់ជាង៤០ម៉ឺនដុល្លាដដែល។
ឆ្លៀតឱកាសក្រោយកិច្ចប្រជុំ លោក ជាវ តាយ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន៖ អាកុល ជែល និងម៉ាស ដើម្បីចែកជូនដល់រដ្ឋបាលក្រុង ស្រុក ទាំង៨ សម្រាប់យកទៅប្រើប្រាស់នៅសាលាក្រុង ស្រុក និងចែកជូនដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
អំណោយកាកបាទក្រហមដែលត្រូវចែកជូនក្នុងមួយក្រុង ស្រុក ទទួលបានអាល់កុល១កាន (២៤០លីត្រ) និងជែលក្នុងមួយក្រុងស្រុក ១កេស ស្មើនឹង០៨កេស (៤០០ដប)។ រដ្ឋបាលឃុំ សង្កាត់ ក្នុងមួយឃុំ ទទួលបានម៉ាស់ ១០ប្រអប់ សរុប ៩៣០ប្រអប់៕