(ភ្នំពេញ)៖ នៅពេលនេះ តារាល្បីៗក្នុងប្រទេសជាបន្តបន្ទាប់ ដូចជាតារាចម្រៀង តន់ ច័ន្ទសីម៉ា, រ៉េត ស៊ូហ្សាណា, ទេព បូព្រឹក្ស , ជីដេវីត, វណ្ណដា និងតារាសម្តែង តារាម៉ូដែល និងអ្នកក្នុងចង្កោមសិល្បៈល្បីជាច្រើនទៀត បានចេញមកអំពាវនាវតាមរយៈបណ្តាញសង្គម ក្នុងន័យដូចគ្នា ដោយអំពាវនាវដល់ស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ ជូនពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ដែលកំពុងមានរឿងក្ដីក្ដាំជាមួយនឹងលោកឧកញ៉ា ហេង សៀ។
ប្រយោគ «គេស្ទាបខ្ញុំ» «ខ្ញុំខ្ពើមខ្លួនឯង» ខ្លួនខ្ញុំត្រូវគេរំលោភលើរាងកាយ ហើយខ្ញុំត្រូវជាប់ខ្នោះទៀត ហើយចូលគុកទៀត»។ នេះគឺជាសំដីរបស់ កញ្ញា មាន ពេជ្ររីតា ដែលយំបណ្តើរ និយាយបណ្តើរក្នុងវីដេអូត្រូវបានបង្ហោះក្នុងបណ្តាញសង្គម ស្តែងពីការឈឺចាប់ ហើយត្រូវបានតារាល្បីៗយកមកសរសេរ បង្ហោះចែកចាយភ្លូកទឹកភ្លូកដី ដើម្បីទាមទារយុត្តិធម៌ជូនតារាស្រីរូបនេះ។
តារាចម្រៀង តន់ ច័ន្ទសីម៉ា បានសរសេរថា «បើនេះជារឿងពិត.. សាហាវណាស់ ឈឺចាប់ពេកហើយ។ ស្រ្តីមានសិទ្ធិស្មើនឹងបុរស ស្រ្តីមានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅ និងការពារខ្លួនពីការរំលោភបំពាន» ខណៈតារាចម្រៀង រ៉េត សូហ្សាណា បានលើកឡើងថា «ក្នុងនាមខ្ញុំជាសិល្បករ និងស្ត្រីដូចគ្នា នាងខ្ញុំមានការឈឺចាប់ណាស់ សម្លេងស្រែកទ្រហោយំរៀបរាប់ប្រាប់ម្តាយដ៏សែនរន្ធត់។ ពួកយេីងរួមគ្នាបញ្ឈប់ការបៀតបៀន និងប្រេីហិង្សាលេីស្ត្រីភេទ!»។
ងាកមក តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានបង្ហោះសារដូចគ្នាយ៉ាងដូច្នេះថា «សូមផ្តល់នូវយុត្តិធម៌ សូមយកខ្លួនទៅដាក់នូវសេចក្តីទៀងត្រង់ សូមផ្តល់ភាពនិងសិទ្ធស្មើគ្នាក្នុងការតវ៉ា សូមរក្សាទំងន់ជញ្ជីងមេត្តាកុំឲ្យក្រដាស់ ធ្ងន់ជាង សេចក្តីពិត។ បើសិនជាកូនស្រី បងស្រី ប្អូនស្រី ម្តាយដែលជាភេទនៃនារី ហើយពោលពាក្យឈឺចាប់បែបនេះ តើអ្នកមានអារម្មណ៍បែបណា? «ខ្ញុំខ្ពេីមខ្លួនឯងណាស់ម៉ាក់ គេប៉ះខ្ញុំ» , «ខ្ញុំចង់ទៅផ្ទះ», «ខ្ញុំបិទភ្នែកខ្ញុំឃេីញ»។
ចំណែកតារារ៉េបល្បីឈ្មោះ ម្ចាស់បទ «Time to Rise» លោក វណ្ណដា ក៏បានសរសេរសារអំពាវនាវដែរថា «គេស្ទាបខ្ញុំ» «ខ្ញុំខ្ពើមខ្លួនឯង» guys, this is painful. មានលុយ មានអំណាច អាចអង្គុយលើច្បាប់។ ទេ!!! ត្រូវបញ្ឈប់វប្បធម៌នេះភ្លាម»។
តារាសម្តែង ចាន់ នីកា បានសរសេរសារដែរថា «គេស្ទាបខ្ញុំ, ខ្ញុំខ្ពើមខ្លួនឯង, ខ្ញុំត្រូវជាប់ឃុំ។ បើនេះរឿងជាពិត..វាឈឺចាប់ពេកហើយ ស្រ្តីមានសិទ្ធិស្មើនិងបុរស ស្រ្តីមានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅ និងការពារខ្លួនពីការរំលោភបំពាន។ Please don’t ignore»។
ក្រៅពីតារាល្បីខាងលើ គឺមានសិល្បករជាច្រើនទៀត បានចេញមុខបន្តបន្ទាប់ អំពាវនាវដល់ស្ថាប័នច្បាប់ជួយរកយុត្តិធម៌ ជូនពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ខណៈការអំពាវនាវទាំងនេះ ត្រូវបានធ្វើឡើង បន្ទាប់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕