(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ទទួលឧបករណ៍តេស្តរកមេរោគកូវីដ១៩ ឆាប់រហ័ស ចំនួនមួយឈុត (១,០០០តេស្ត) ពីតំណាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោករដ្ឋមន្ត្រី ស៊ុយ សែម និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល ដែលតែងតែមានទឹកចិត្តប្រកបដោយកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា យកចិត្តទុកដាក់ និងគិតពីតម្រូវការជាក់ស្ដែង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។
លោកបានគូសបញ្ជាក់ អំពីលក្ខណៈពិសេស នៃឧបករណ៍តេស្តមេរោគកូវីដ១៩ ឆាប់រហ័សនេះ គឺពិតជាមានភាពសុក្រឹត្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងការជួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យ ក្នុងការពិនិត្យរកមេរោគឆ្លងកូវីដ១៩បានឆាប់រហ័ស និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗទៀតផងដែរ។
លោក ម៉ៅ ធនិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសនូវការចម្លង ក្នុងសហគមន៍ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលខាងមុខ។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៧នាក់ (ស្រី០៤នាក់) មកពីភ្នំពេញ៦នាក់ និងមកពីប្រទេសថៃមួយនាក់។
គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៨នាក់ (ស្រី១៩នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៤ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៣៤ករណី (ស្រី១៧នាក់)៕