(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់បន្ថែមទៀត ខណៈអ្នកពាក់ព័ន្ធជាច្រើននាក់ បានបន្តទៅយកសំណាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
អ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ ខាងលើនេះមាន ឈ្មោះ យឹម សុខារិន អាយុប្រមាណ៦០ឆ្នាំ ភ្នាក់ងារទូរទស្សន៍អប្សរាណែត និងប៉ុស្តិ៍លេខ៥ ប្រចាំខេត្តកំពង់ឆ្នាំង រួមទាំងភរិយា និងកូនប្រុសតូចៗរបស់លោក២នាក់ទៀត និងមន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងម្នាក់ផងដែរ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ។
ដោយឡែកអ្នកដែលបានពាក់ព័ន្ធជាមួយនិងអ្នកវិជ្ជមាន ទាំងអស់ខាងលើនេះ មានទាំងសមត្ថកិច្ចនគរបាល និងអ្នកសារព័ត៌មានមួយចំនួន ក៏បានទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ និងមានអ្នកពាក់ព័ន្ធជាច្រើនទៀតដែលត្រូវមកពិនិត្យសំណាក់ជាបណ្ដើរៗផងដែរៗ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ជុំវិញករណីនេះ ជាព័ត៌មានបឋម មិនទាន់ជាផ្លូវការនៅឡើយទេ ដោយសារតែក្រសួងមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការនៅឡើយ ដូច្នេះរង់ចាំក្រសួងនឹងប្រកាសនៅថ្ងៃស្អែកទី១៣ ខែឧសភាសិន នោះសាលាខេត្តកំពង់ឆ្នាំង និងចេញសេចក្តីប្រកាសយកជាផ្លូវការតែម្តង។
«តែទោះជាយ៉ាងនេះក្តី អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩ខាងលើនេះ សូមមេត្តារួសរាន់មកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យរាល់ម៉ោងធ្វើការ»។ នេះជាការអំពាវនាវរបស់លោក ប្រាក់ វ៉ុន៕