(កណ្តាល)៖ លោកឧកញ៉ា កោះ ភារៈ អគ្គនាយកក្រុមហ៊ុន «មង្គល រតនៈ សម្បត្តិ ឯ.ក» បានចាត់តំណាងនាំយកអំណោយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកណ្តាល រួមមាន ថវិកា ១០.០០០ដុល្លារ រួមទាំងស្បៀងមួយចំនួនធំ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីឧបត្ថម្ភដល់កងកម្លាំង និងជួយទ្រទ្រង់ជីវភាពពលរដ្ឋ ដែលរងផលប៉ះពាល់ពីកូវីដ១៩។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅថ្ងៃទី១២ ខែឧសភា នៅសាលាខេត្តកណ្តាលក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងតំណាងលោកឧកញ៉ា កោះ ភារៈ។

អំណោយទាំងនេះរួមមាន៖

*ត្រីខ ៥០កេះធំ
*មីខ្លាឃ្មុំ ២០០ កេះតូច
*អង្ករ ៥ តោន
*ទឹកសុទ្ធវីតាល់ ២០០ កេះ
*ថវិកា មួយម៉ឺនដុល្លារ។

លោកអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា កោះ ភារៈ និងសហការី ដែលបានផ្តល់អំណោយសប្បុរសធម៌ ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩។

លោកចាត់ទុកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលខេត្តកណ្តាល និងរាជរដ្ឋាភិបាលស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

លោកបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕