(ភ្នំពេញ)៖ ក្រុម Manchester City ដែលជាដៃគូល្អឥតខ្ចោះរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្លាយជាម្ចាស់ជើងឯក English Premier League ដោយពិន្ទុឈ្នះដាច់បើទោះបីនៅសល់៣ប្រកួតទៀតក៏ដោយ ក្រោយក្រុម Manchester United ទទួលបរាជ័យក្នុងផ្ទះខ្លួនឯង ក្នុងជំនួបជាមួយក្រុម Leicester City កាលពីថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២១ ដោយលទ្ធផល ១-២។
ការបរាជ័យក្នុងផ្ទះខ្លួនឯង ធ្វើឲ្យក្រុម Man U រក្សាពិន្ទុ៧០ ឈរចំណាត់ថ្នាក់លេខ ២ក្នុងតារាង ជាមួយនឹងការប្រកួតចំនួន ៣៥ដង។ បើទោះបីជាក្រុម Man U ប្រកួត ៣ប្រកួតលើកក្រោយឈ្នះទាំង ៣ប្រកួតក្តី ក៏មិនអាចមានពិន្ទុទាន់ក្រុម Man City នោះទេ ដូច្នេះក្រុម Man City គ្រងដំណែងជើងឯកលីកកំពូលរបស់អង់គ្លេសសម្រាប់រដូវកាល ២០២០-២០២១។ ត្រឹម៣៥ប្រកួត Man City រកបាន ៨០ពិន្ទុ ដោយឈ្នះ២៥ប្រកួត ស្មើ៥ប្រកួត និងចាញ់តែ៥ប្រកួត។
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នេះគឺជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយទៀតរបស់ក្រុម Man City ហើយក្រុមហ៊ុនយើងពិតជារំភើប និងមានមោទកភាពយ៉ាងខ្លាំង ពេលឃើញដៃគូសហការពាណិជ្ជកម្មរបស់យើង ទទួល ជ័យជម្នះបែបនេះ ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយ និងពេញចិត្តជាខ្លាំង»។
លោកស្រី គង់ កុសល បន្ថែមថា ទោះបីជាយើងមិនអាចជួបជុំគ្នាបាន តែអ្នកគាំទ្រក្រុម Man City ទាំងអស់ ក៏អាចចូលរួមអបអរសាទរជ័យជម្នះដ៏រំភើបនេះទៅតាមផ្ទះរៀងៗខ្លួន៕