(ភ្នំពេញ)៖ នៅល្ងាចថ្ងៃនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។
នេះបើយោងតាម លោក គី តិច បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងនៅមុននេះបន្តិច។ លោក គី តិច បានបញ្ជាក់បន្ថែមឲ្យដឹងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោចំនួន២រូបជាស្រ្តី ត្រូវបានឲ្យចូលការពារក្តីលើសំណុំរឿងខាងលើនេះហើយ។
សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម បានរៀបរាប់នៅក្នុងពាក្យបណ្តឹងយ៉ាងដូច្នេះថា (ខ្លឹមសារលម្អិតសូមអានក្នុងពាក្យបណ្តឹង)៖