(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានអះអាងថា ក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ករណីកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយទូរទស្សន៍ MYTV ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានថ្លែងប្រាប់អគ្គនាយកបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖

«ករណីកញ្ញា មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយមានស្ថានទំងន់ គឺជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសាលាដំបូង រួចរាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដើម្បីតទល់នឹងពាក្យបណ្តឹងរបស់ ឧកញ៉ា ហេង សៀ ប្តឹងនាងពីបទលួចទូរស័ព្ទដៃ។

រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖៥២នាទីយប់ ក្រុមការងារ Facebook នៃក្រសួងកិច្ចការនារី បានទទួលសេចក្តីរាយការណ៍នេះ ហើយក្រសួងកិច្ចការនារី បានចាត់វិធានការចាប់តាំងពីព្រឹកមិញម៉ោង៧៖៣០នាទីព្រឹក ដោយសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេតបឋម និងស្រាវជ្រាវលើករណីនេះឱ្យបានគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនេះ ក្រសួង បានស្នើសុំព្រឹកមិញផងដែរ កិច្ចសហការជាមួយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីស្រាវជ្រាវ និងពិនិត្យលទ្ធភាព ក្នុងការធ្វើជាតំណាងផ្លូវច្បាប់ ឱ្យនារីរងគ្រោះ។ ក្រុមការងារក្រសួងកិច្ចការនារី បានទំនាក់ទំនងទៅក្រុមគ្រួសារនារីរងគ្រោះ ដើម្បីសុំជួបនារីរងគ្រោះដើម្បីផ្តល់ជំនួយប្រឹក្សាយោបល់ផ្លូវច្បាប់ និងផ្លូវចិត្ត សំដៅធ្វើឱ្យផ្លូវចិត្តនារីរងគ្រោះមានស្ថានភាពនឹងនរឡើងវិញ។

នៅពេលទទួលបានរបាយការណ៍ស៊ីជម្រៅ ក្រសួងកិច្ចការនារី នឹងសម្រេចលើវិធានការបន្ទាប់ទៀត ដោយគោរពតាមនីតិវិធីតុលាការ និងគោលការណ៍នីតិរដ្ឋ សំដៅយកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ និងផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ»

សូមជម្រាបថា នៅល្ងាចថ្ងៃនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀត នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

នេះបើយោងតាម លោក គី តិច បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងនៅមុននេះបន្តិច។ លោក គី តិច បានបញ្ជាក់បន្ថែមឲ្យដឹងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោចំនួន២រូបជាស្រ្តី ត្រូវបានឲ្យចូលការពារក្តីលើសំណុំរឿងខាងលើនេះហើយ។

កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕