(កំពង់ធំ)៖ លោកឧកញ៉ា កោះ ភារៈ អគ្គនាយកក្រុមហ៊ុន «មង្គល រតនៈ សម្បត្តិ ឯ.ក» បានចាត់តំណាងនាំយកអំណោយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកំពង់ធំ រួមមាន៖ ថវិកា ៥.០០០ដុល្លារ រួមទាំងស្បៀងមួយចំនួនធំ ជូនដល់រដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភដល់កងកម្លាំង និងជួយទ្រទ្រង់ជីវភាពពលរដ្ឋ ដែលរងផលប៉ះពាល់ពីកូវីដ១៩។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា នៅសាលាខេត្តក្រោមវត្តមានលោក សុខ លូ អភិបាលខេត្ត និងតំណាងលោកឧកញ៉ា កោះ ភារៈ។

អំណោយទាំងនេះរួមមាន៖

*ត្រីខ ៥០កេះធំ
*មីខ្លាឃ្មុំ ២០០កេះតូច
*អង្ករ ៥តោន
*ទឹកសុទ្ធវីតាល់ ២០០កេះ
*ថវិកា ៥០០០ដុល្លារ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា កោះ ភារៈ និងសហការី ដែលបានផ្តល់អំណោយសប្បុរសធម៌ ជូនរដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩។

លោកចាត់ទុកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាបានទាន់ពេលវេលា។

លោកបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩។

កាលពីព្រឹកមិញ លោកឧកញ៉ា ក៏បានចាត់តំណាងរបស់លោក នាំយកអំណោយផ្តល់ជូនរដ្ឋបាលខេត្តកណ្តាលផងដែរ ដើម្បីចាត់ចែងបន្តជាមួយកម្លាំង និងប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំងឺកូវីដ១៩៕