(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អមដំណើរដោយលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល និងសហការីជាច្រើនរូប នៅថ្ងៃពុធទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន ៣៨០គ្រួសារ មកពីភូមិ ព្រែកសំរោង, ភូមិព្រែកសំរោង១, ភូមិព្រែកសំរោង២ និងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា នេះជាការឆ្លើយតបតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនទុកឱ្យគ្រួសារណាមួយដាច់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយ។

ស្ថិតក្នុងឱកាសនេះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងទៀតថា «សម្ដេចតេជោ ហ៊ុន សែន បានប្រឹងប្រែងទាំងថ្ងៃទាំងយប់ បារម្ភពីសុខទុក្ខប្រជារាស្ត្រទូទាំងប្រទេស ពិសេសនៅក្នុងតំបន់ក្តៅ គឺភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ យើងដែលដែលបានញាំញីដោយសារមេរោគកូវីដ១៩»

លោកបានបន្តថា ប៉ុន្តែទោះយ៉ាងណាសម្ដេចតេជោ បានប្រឹងប្រែងធ្វើការទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ដោយមិនឲ្យមានការផ្ទុះទ្រង់ទ្រាយធំឡើយ ពោលគឺអាចទប់ស្ថានការណ៍បាន។ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋ ជឿទុកចិត្តថ្នាក់ដឹកនាំប្រទេសជាតិយើងចុះ ហើយត្រូវចូលរួមអនុវត្តន៍តាមវិធានការ «៣កុំ ៣ការពារ» ឱ្យមានប្រសិទ្ធភាពបំផុត ព្រោះថានៅពេលដែលបងប្អូនទាំងអស់គ្នានៅផ្ទះ មិនជួបជុំគ្នាច្រើន មិនចេញក្រៅជាដើម ជាឱកាសល្អសម្រាប់ប្រមូលយកអ្នកផ្ទុកជំងឺកូវីដ-១៩ ទៅព្យាបាល ហើយធានាបានថាគ្មានការចម្លងទៅកាន់អ្នកដទៃទៀត៕