(កណ្តាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់រដ្ឋបាលខេត្តកណ្ដាលចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នាឱកាសនោះដែរ លោកអភិបាលរងខេត្តកណ្ដាល បានមានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងទៅនឹងមេរោគដ៏កាចសាហាវ កូវីដ១៩ ហើយក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតជាក់ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។

ទន្ទឹមនឹងនោះ លោក នុត ពុធដារ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ» ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ឱ្យបាននាពេលខាងមុខ។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ពីព្រោះវាជាបញ្ហាប្រឈមរួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ពិសសេសសង្កាត់កោះអន្លង់ចិនយើងនេះ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ជាមួយអជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ឱ្យបាននាពេលខាងមុខនេះ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង១២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូ មី១កេស និងត្រីខ២យួរ៕