(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី នៃ និយម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល និងក្រុមការងារពង្រឹងមូលដ្ឋានភូមិថ្មី ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលចំនួន ២៥នាក់។

ពិធីនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ ផ្នែក នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល។

ឧត្តមសេនីយ៍ត្រី នៃ និយម បានបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក អតីតយុទ្ធជនកម្ពុជា ពិសេស ស.អ.ក ខេត្តកណ្តាល នៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចមិនបោះបង់នូវវីរៈជនអ្នកស្នេហាជាតិ ដែលបានចូលរួមរំដោះជាតិមាតុភូមិ ពិសេសគឺចូលរួមរំដោះប្រទេសពីរបប ប៉ុលពត និងការចូលរួមស្វែងរកសន្តិភាពពេញលេញឱ្យប្រជាពលរដ្ឋកម្ពុជាអាចមានសិទ្ធរស់រានមានជីវិត ស្មើមុខស្មើមាត់មិនថាតែក្នុងប្រទេស គឺនៅទូទាំងពិភពលោករហូតដល់ពេលបច្ចុប្បន្ននេះ។

ប្រធានសមាគមអតីតយុទ្ធជនខេត្តកណ្តាល ក៏បានក្រើនរំឮកទៅដល់បងប្អូនអតីតយុទ្ធជន និងក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិថ្មី ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការថែរក្សាអនាម័យ ស្របពេលដែលកម្ពុជា កំពុងជួបនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់ពេលនេះ បានបណ្តាលប្រជាពលរដ្ឋយើងឆ្លងជំងឺដ៏កាចសាហាវនេះ និងឈានដល់ការ ស្លាប់បាត់បង់ជីវិត ហេតុដូច្នេះត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាផ្តើមពីខ្លួនយើងដោយត្រូវសំអាតអនាម័យខ្លួន ដៃគ្រប់ពេលដែលបានប៉ះពាល់ និងរបស់ដែលសង្ស័យត្រូវស្តាប់តាមការណែនាំនូវវិធានការនានា របស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕