(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំ ពិធីដាក់ឲ្យដំណើរការនូវប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅ ផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់អភិវឌ្ឍន៍ចីរភាព តាមប្រព័ន្ធវីដេអូ។

ពិធីនេះ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន (Matthew Stephenson) នាយកគោលនយោបាយ និងសហគមន៍ នៃនាយក-ដ្ឋានវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធ រួមមាន តំណាងពីក្រសួង-ស្ថាប័នរដ្ឋ និងផ្នែកឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍។

លោក សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់តួអង្គពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ នាពេលនេះ។

លោករដ្ឋមន្រ្តីប្រតិភូ បានថ្លែងអំណរគុណចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ជាពិសេសលោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន ដែលបានសហការរៀបចំប្រព័ន្ធទិន្នន័យនេះ ដើម្បីផ្តល់នូវថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់សម្រួលដល់ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកវិនិយោគ ដោយផ្តោតលើការផ្តល់កិច្ច សម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។

លោករដ្ឋមន្ដ្រីប្រតិភូ បានស្នើសុំឲ្យតួអង្គពាក់ព័ន្ធទាំងអស់ចូលរួម ប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះ ឲ្យបានទូលំទូលាយ ដោយសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍វត្តមានរបស់ពួកគេ ខណៈខិតខំជំរុញការវិនិយោគ ដែលមានទង្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានចីរភាព។

លោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន បានសម្តែងនូវសេចក្តីសោមនស្សដោយបានធ្វើការជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងតួអង្គពាក់ព័ន្ធនានា ដើម្បីរៀបចំប្រព័ន្ធទិន្នន័យដ៏មានសារៈសំខាន់នេះ។

លោកបណ្ឌិត បានបញ្ជាក់ថា ក្រុមហ៊ុនបរទេសដែលស្វែងរក ការវិនិយោគអនុលោមតាមគោលការណ៍បរិស្ថាន, សង្គម, និង អភិបាលកិច្ច (ESG) អាចដាក់ការវិនិយោគ នៅកម្ពុជា ជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការប្រកបដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជាដទៃទៀត អាចបង្វែរការតម្រង់ទិស ប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទៅរកការអភិវឌ្ឍប្រកប ដោយចីរភាពកាន់តែច្រើនថែមទៀត ដើម្បីទាក់ទាញការធ្វើធុរកិច្ចរួមគ្នា ជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

សូមបញ្ជាក់ថា ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជា ដែលមានគោលនយោបាយបើកចំហដ៏ប្រសើរចំពោះការវិនិយោគ។

បន្ថែមពីលើនេះ មានមូលហេតុសំខាន់ៗចំនួនបី ដែលវេទិកាសេដ្ឋកិច្ចពិភពលោក សម្រេចជ្រើសយកកម្ពុជា ជាដៃគូក្នុងដំណើរការនេះគឺ៖

១៖ កម្ពុជា សម្រេចបាននូវភាពជោគជ័យដ៏ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឲ្យមោទនៈជាមធ្យមប្រមាណជាង ៥០% ចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ហើយវិធានការផ្តល់កិច្ចសម្រួលវិនិយោគបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវជោគជ័យនេះ។

២៖ ខណៈពេលដែលកម្ពុជា ត្រូវការការអភិវឌ្ឍស្របពេលដែលកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណជា ៧% តាំងពីឆ្នាំ២០១១មក បទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើអានុភាវូបនីយកម្មការវិនិយោគសម្រាប់ការអភិវឌ្ឍអាចជួយប្រទេសផ្សេងទៀត ក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗ នៃការអភិវឌ្ឍពាក់ព័ន្ធនឹងកិច្ចសម្រួល វិនិយោគនៅកម្ពុជា។

៣៖ កម្ពុជា បានក្រសោបយកនូវកិច្ចសហការធ្វើការរួមគ្នា រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហាញនូវការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការ គ្នារវាងរដ្ឋ និងឯកជន ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគបន្ថែមទៀត ដែលប្រការនេះ គឺស្របគ្នានឹងបេសកកម្មរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

ឈរលើមូលដ្ឋានខាងលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោក និងកម្ពុជា បានធ្វើការរួមគ្នា ដើម្បីចែករំលែកនូវរបកគំហើញ និងឧត្តម្មានុវត្តស្តីពីការផ្តល់កិច្ចសម្រួលវិនិយោគ ជាពិសេសដំណើរការ នៃការរៀបចំប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព ជាមួយប្រទេសដទៃទៀត ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌតំបន់ដទៃទៀត៕