(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសុំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បន្តយកចិត្តទុកដាក់អនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ។

ខណៈនៅរាជធានីភ្នំពេញ ពិសេសមូលដ្ឋានសង្កាត់ច្បារអំពៅទី២ តំបន់យឿត្រី បានរកឃើញអ្នកវិជ្ជមានកូវីដ ជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះផងដែរនោះដូច្នេះដើម្បីការពារកុំឱ្យកូវីដ បន្តឆ្លងក្នុងសហគមន៍ទៀត មានតែយើងទាំងអស់គ្នា ចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់កុំឱ្យមូលដ្ឋានយើងមានអ្នកឆ្លងជំងឺកូវីដ នៅក្នុងសហគមន៍យើង។

លោកអភិបាលខណ្ឌច្បារអំពៅ បានស្នើឡើងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចែកអំណោយជាមួយអង្កការផ្កាយសមុទ្រ ជូនដល់ប្រជាពលរដ្ឋប៉ះពាល់នៃព្រឹត្តិការសហគមន៍២០កុម្ភៈ ដែលខ្វះខាតជីវភាព ចំនួន១២៥គ្រួសារ នៅសង្កាត់ច្បារអំពៅទី២ នៅបរិវេណវត្តច្បារអំពៅ។

នៅក្នុងឱកាសនេះដែរ លោក ចេង មុនីរ៉ា ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។

ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលរាជធានី ដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលជាអ្នករងផលប៉ះពាល់ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងសូមឲ្យបងប្អូនរក្សា អនាម័យ ខ្លួនប្រាណ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ លាងសំអាតដៃឲ្យបានញឹកញាប់ រក្សាគំលាតឲ្យបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាតឲ្យបានស្អាតល្អ បាញ់អាល់កុល និងត្រូវទៅទទួលការចាក់ វ៉ាក់សាំង ឲ្យបានទាន់ពេលវេលាងដែរ។

លោកអភិបាលខណ្ឌ បានទទូចសុំកុំអោយមានការជួបជុំគ្នាជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាលនៃជំងឺប្រភេទថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាកដាលនៃជំងឺកូវីដ១៩នេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកស្រី ជួប វិច្ឆិកា នាយិកាអង្កការផ្កាយសមុទ្រ បានបញ្ជាក់ថា អំណោយរបស់អង្កការផ្កាយសមុទ្រ រួមមាន៖ អង្ករ ២០គីឡូក្រាម ត្រីខ ទឹកស៊ីអ៉ីវ ពងទា ឆៃប៉ូវ ម៉ាស និងសាប៊ូ ព្រមទាំងថវិកា៤ម៉ឺនរៀលផងដែរ៕