(សៀមរាប)៖ ក្នុងការអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរី ក្នុងក្រុងអង្គរធំ ការសិក្សាអំពីផលប៉ះពាល់បុរាណវិទ្យា គឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីស្វែងយល់ពីពីរចនាសម្ព័ន្ធ និងដំណាក់កាលនៃការរៀបចំទីធ្លា ដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង និងការវិវឌ្ឍរបស់រចនាសម្ព័ន្ធបុរាណផ្សេងៗ ដែលនៅក្រោមដីទៅតាមយុគសម័យនីមួយៗ។

ជាលទ្ធផល ក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ព័ន្ធបុរាណជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ព័ន្ធសំណង់ផ្សេងៗជាច្រើនទៀត។ ពិសេសជាងនេះទៀត គឺក្រុមបុរាណវិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទបាយ័នទៅខ្លោងទ្វារដីឆ្នាំង) នៃក្រុងអង្គរធំ ព្រមទាំងមានស្នាមដានជើងសសរឈើ ដែលបញ្ជាក់ថាមានសំណង់អំពីឈើ ឬហៅថា រោងទង សង់អំពីឈើ ប្រក់ក្បឿង នៅតាមបណ្តោយផ្លូវប្រវែងជិត ៨០ ម៉ែត្រ។

លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូងនៃព្រះបរមរាជវាំង ប្រហែលជារាជព្រះបាទយសោវរ្ម័នទី១ ពេលដែលផ្លាស់រាជធានីពីរាជធានីហរិហរាល័យ (តំបន់រលួស) មករាជធានីអង្គរ ដែលយកភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរៈ។

ចំពោះទបង្ហូរទឹកបុរាណ (លូបង្ហូរទឹក) ដែលទើបរកឃើញថ្មីនេះ លោក ខៀវ ច័ន្ទ បានបញ្ជាក់ថា បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រ និងទទឹងមុខសម្រាប់ទឹកហូ ០.២ ម៉ែត្រ និងមានបណ្តោយ ៦ ម៉ែត្រ។ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើតដែលនៅស្របផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។

លោកបញ្ជាក់ទៀតថា បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនីមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឲ្យមានប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ ដោយមានរន្ធត្រដេវនៅទិសឦសាន្តសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូទិសនិរតីសម្រាប់បង្ហូទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេះ ព្រះអង្គក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ ៣ គីឡូម៉ែត្របួនជ្រុងផងដែរ។

ព្រះលានជល់ដំរីនេះ ត្រូវបានសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាប័ទ្មបាយ័ន។ នៅទីនេះបុព្វបុរសខ្មែរបានសាងខឿនខ្ពស់ផុតពីដីមួយជួរវែង លាតសន្ធឹងតាមបណ្តោយកំពែងរាជវាំងខាងកើត លយហួសទៅជើង និងហួសទៅត្បូង ដែលមានរានហាលចំនួនបី និងមានពីរជាន់។ នៅលើខឿននេះ ដើមឡើយ មានអគារសាងពីឈើប្រកក្បឿងតែសព្វថ្ងៃយើងមើលមិនឃើញទេ ឃើញតែស្លាកស្នាមថ្មនៅខាងក្រោមប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុងអង្គរធំមានអាងស្តុកទឹកចំនួន ៣ គឺបឹងតាតួតនៅទិសឦសាន្ត បឹងដូនមានៅខាងលិចព្រះបរមរាជវាំង និងបឹងធំនៅទិសនិរតី៕