(កណ្ដាល)៖ ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំស្អាងភ្នំ ដឹកនាំដោយលោក អ៊ាវ ចំរើន ជាប្រធាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារជួយស្រុកស្អាង មកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន ២៥៤ គ្រួសារ។

លោក អ៊ាវ ចំរើន បានលើកឡើងថា នេះជាលារឆ្លើយតបតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនទុកឱ្យគ្រួសារណាមួយដាច់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយ។

លោកក៏បានផ្ដាំផ្ញើដល់ពលរដ្ឋនៅឃុំស្អាងភ្នំ បន្តអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ ឲ្យបានល្អបំផុត ដើម្បីរួមគ្នាកម្ចាត់ជំងឺកូវីដ-១៩ ចេញឲ្យអស់ពីប្រទេសកម្ពុជា។

គួរជម្រាបថា អំណោយដែលបានផ្ដល់ជូនពលរដ្ឋទាំង ២៥៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូ, មី ១កេស និងត្រីខ ១០កំប៉ុង និងដោះស្រាយជូនក្រុមប្រឹក្សាឃុំ នគរបាល ប្រជាការពារ និងក្រុមយុវជនក្នុងឃុំផងដែរ៕