(ភ្នំពេញ)៖ ទីបំផុត ! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។

ក្នុងដីកាសម្រេចនេះ លោក កូយ សៅ បានសម្រេចដូចតទៅ៖

១៖ ដាក់កញ្ញា មាន ពេជ្ររីតា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងត្រូវគោរពនូវកាតព្វកិច្ចដូចខាងក្រោម៖
ក. ឱ្យជនត្រូវចោទ ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា
ខ. ហាមមិនឱ្យជនត្រូវចោទផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ
គ. ហាមមិនឱ្យជនត្រូវចោទចេញក្រៅប្រទេស

២៖ ក្នុងករណីជនត្រូវចោទគេចវេះដោយចេតនាមិនអនុវត្តតាមចំណុចណាមួយខាងលើនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ តាមមាត្រា ១៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

៣៖ ដីកាសម្រេចនេះមានប្រសិទ្ធភាពរអនុវត្តភ្លាម។

សូមជម្រាបថា កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ។

ដោយករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ ត្រូវបាន កញ្ញា មាន ពេជ្ររីតា រៀបរាប់ថា បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។

ជុំវិញការដាក់ពាក្យបណ្តឹងទៅកាន់ឧកញ៉ាវិញនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅ៖

១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ
៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕

ទស្សនាវិដេអូថ្ងៃកើតហេតុ៖
https://t.me/freshnewsasia/56935