(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពន្យារពេល នៃការលក់ និងទទួលពាក្យ ប្រឡងប្រជែងជ្រើសរើស ក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងការងារ បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រឡងក្របខណ្ឌ សម្រាប់ឆ្នាំ២០២១ សូមពន្យារពេលនៃការលក់ និងទទួលពាក្យប្រឡងក្របខណ្ឌឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ម្យ៉ាងវិញទៀត សម្រាប់ថ្ងៃប្រឡង បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីប្រឡង ត្រូវបំពេញលក្ខខណ្ឌមួយចំនួនបន្ថែម ដូចខាងក្រោម៖

១៖ ត្រូវធានាឲ្យបាន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង២លើករួចរាល់
២៖ ថ្ងៃប្រឡងបេក្ខជនទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវកាត ឬលិខិតសម្គាល់បានចាក់វ៉ាក់សាំង
៣៖ ក្នុងករណីដែលបេក្ខជន មិនអាចទទួលវ៉ាក់សាំងការពារជំងឺកូដ-១៩បាន ត្រូវមានលិខិតបញ្ជាក់ ពីមន្ទីរសុខាភិបាលរាជធានី ខេត្ត
៤៖ ក្នុងករណីបេក្ខជនរូបណា ដែលមិនមានកាត ឬលិខិតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់របស់មន្ទីរសុខាភិបាលរាជធានី ខេត្ត មិនត្រូវបានអនុញ្ញាត ឲ្យចូលប្រឡងឡើយ
៥៖ ចំពោះកាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕