(ប៉េកាំង)៖ គម្រោងស៊ើបអង្កេតដែលមានទ្រង់ទ្រាយធំបំផុត នៅលើពិភពលោក បានប្រកាសលទ្ធផលកាលពីថៃ្ងទី១១ ខែឧសភា។ នាថ្ងៃដដែលនោះ រដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការ នូវទិន្នន័យសំខាន់នៃការធ្វើជំរឿនទូទៅប្រជាជន នៅទូទាំងប្រទេសលើកទី៧ ដោយបង្ហាញថា នៅឆ្នាំ២០២០ ទំហំចំនួនប្រជាជនសរុបនៃប្រទេសចិន បានកើនដល់ទៅ១.៤១ពាន់លាននាក់ ដែលប្រហែលត្រូវជា១៨ ភាគរយនៃចំនួនប្រជាជនសរុប នៅទូទាំងពិភពលោក ហើយនៅតែឈរនៅលំដាប់ទី១ លើពិភពលោកដដែល។

ទិន្នន័យនេះក៏បានបង្ហាញដែរថា អត្ថប្រយោជន៍ខាងចំនួនប្រជាជនរបស់ចិន កំពុងបង្កើនល្បឿនប្រែទៅជា អត្ថប្រយោជន៍ខាងធនធានមនុស្ស។ ប្រការនេះនឹងពង្រឹងឥតឈប់ឈរនូវ «ទីបង្អែក» នៃការអភិវឌ្ឍរបស់ប្រទេសចិន។ ទាក់ទងនឹងនិន្នាការ នៃការផ្លាស់ប្តូរចំនួនប្រជាជនរបស់ចិន មជ្ឈដ្ឋានមតិសាធារណៈប៉ែកខាងលិច មានការប៉ាន់ស្មាននិងពិភាក្សាជាច្រើន ក្នុងនោះ ទស្សនៈមានភាពតំណាងមួយ គឺប្រទេសចិនបាននិងកំពុងប្រឈមនឹងបញ្ហាប្រឈមចំនួនពីរ ពោលគឺ អត្រាបង្កកំណើតទាបនិងសង្គមមានមនុស្សចាស់ជរាច្រើន ដែលប្រហែលនឹងដាក់កំហិតទៅលើ ចន្លោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ។

បើមើលពីទិន្នន័យធ្វើជំរឿនទូទៅប្រជាជនថ្មីបំផុតឱ្យឃើញថា សភាពការណ៍ជាក់ស្តែងហាក់ដូចជា មិនមានទុទិដ្ឋិនិយមដូច្នេះនោះទេ។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ចំនួនប្រជាជនសរុបនៃប្រទេសចិន បានកើនឡើង៧ពាន់២រយ៦ម៉ឺននាក់។ បច្ចុប្បន្ននេះ ប្រទេសចិនមានចំនួនកម្លាំងពលកម្មពេញវ័យ ដែលមានអាយុក្នុងចន្លោះ ១៦ទៅ៥៩ឆ្នាំ ដល់ទៅ៨រយ៨០លាននាក់ ហើយធនធានកម្លាំងពលកម្ម នៅតែសម្បូរណាស់ដដែល អាយុជាមធ្យមរបស់ប្រជាជនចិន គឺ៣៨.៨ឆ្នាំ ដែលប្រហាក់ប្រហែលគ្នានឹងអាមេរិក។

ក្នុងចំណោមកម្លាំងពលកម្មពេញវ័យ ចំនួនប្រជាជនដែលទទួលបានការអប់រំលើសពី ថ្នាក់វិទ្យាល័យបានឡើងដល់ ៣រយ៨៥លាននាក់ ត្រូវជា ៤៣.៧៩ភាគរយនៃចំនួនប្រជាជនសរុប ដែលបានកើនឡើង ១២.៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១០។ វាអាចមើលឃើញដោយងាយស្រួលថា និន្នាការនៃការផ្លាស់ប្តូរចំនួនប្រជាជនដូចពោលខាងលើ គឺសមស្របនឹងដំណើរវិវឌ្ឍរីកចម្រើនជាប្រវតិ្តសាស្ត្រ ដែលប្រទេសចិនបាននិងកំពុងបង្វែងទៅរក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឥតឈប់ឈរ។ ទន្ទឹមនឹងអត្ថប្រយោជន៍ខាងចំនួនប្រជាជន បាននិងកំពុងប្រែទៅជាអត្ថប្រយោជន៍ខាងធនធានមនុស្ស ឧត្តមភាពផែ្នកធនធានចំនួនប្រជាជនរបស់ចិន ត្រូវបានរំពឹងថា នឹងត្រូវពង្រីកជាបន្តបន្ទាប់ ។

មិនថាអត្រាបង្កកំណើតបានធ្លាក់ចុះឬមួយ ក៏សង្គមមានមនុស្សចាស់ជរាកាន់តែច្រើនឡើងៗក្តី តាមពិតទៅ នេះគឺជាបញ្ហាប្រឈមរួម ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខ។ ដោយឡែកសង្គមចិនកំពុងត្រៀមលក្ខណៈផ្នែកចិត្តសាស្រ្ត និងគោលនយោបាយ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមពាក់ព័ន្ធ។ ឧទាហរណ៍ ដូចជា សំដៅចំពោះបញ្ហាអំពីសង្គម មានមនុស្សចាស់ជរាច្រើន ប្រទេសចិនកំពុងអភិវឌ្ឍ «សេដ្ឋកិច្ចមនុស្សចាស់ជរា» និងពង្រីកផលិតផល និងការប្រើប្រាស់ខាងសេវាកម្មសម្រាប់មនុស្សចាស់ ។

នាពេលបច្ចុប្បន្ននេះ ដំណើរនគរូបនីយកម្មរបស់ប្រទេសចិន កំពុងត្រូវជំរុញទៅមុខដោយល្បឿនលឿន ហើយទំហំចំនួនប្រជាជនដ៏ធំធេង ព្រមទាំងគុណភាពនៃកម្លាំងពលកម្ម ដែលត្រូវធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៅតែជា «ទីបង្អែក» ដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនដដែល ៕