(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅក្នុងភូមិចំនួន២ នៃសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានទទួលអំណោយជាស្បៀងអាហារ ពីសប្បុរសជន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៃសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

ពិធីចែកអំនោយដល់ប្រជាពលរដ្ឋចំនួន ៤៤១គ្រួសារ ក្នុងភូមិ៤ និងភូមិ៥ នៃសង្កាត់ផ្សារដើមថ្កូវ នៅថ្ងៃនេះ បានធ្វើឡើងក្រោមវត្តមាន អភិបាលខណ្ឌចំការមន លោក ថេង សុថុល និងតំណាងក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា រដ្ឋកាលីហ្វ័រញ៉ា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិកលោក ស សេរីវិចិត្រ។

លោក ថេង សុថុល បានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសធមដ៏ថ្លៃថ្លា ចំពោះក្រុមការងារយុវជនក្រៅប្រទេស តំបន់ឆ្នេរខាងលិចនៅសហរដ្ឋអាមេរិក ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធាន ដែលបានផ្តល់នូវអំណោយជាស្បៀង អាហារចែកជូនដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាពេលនេះ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនិងការចូលរួមចែករំលែកជាមួយរាជរដ្ឋាភិបាល ក្នុងគ្រាដែលកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ដែលកំពុងអនុវត្តនូវវិធានការនានា ដើម្បីការកាត់ផ្តាច់ការចម្លងជម្ងឺកូវិដ១៩ ក្នុងសហគមន៍។

លោក ស សេរីវិចិត្រ តំណាងឲ្យក្រុមការងារយុវជនក្រៅប្រទេស តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ពុក ម៉ែ បងប្អូនទាំងអស់ ក្នុងនាមជាជនរួមជាតិតែមួយ ក៏ដូចជាការចូលរួម សម្រាលបន្ទុកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការកាត់ផ្ដាច់ចង្វាក់នៃការចម្លងជម្ងឺកូវីដ១៩ បងប្អូនរស់នៅក្រៅប្រទេស (ទីក្រុងរីវើសាយ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក) តាមរយៈក្រុមការងារយុវជន តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ដែលមានខ្ញុំបាទជាប្រធាន បានប្រមូលនៅមូលនិធិសប្បុរសមួយចំនួនដើម្បីរៀបចំជាស្បៀងអាហារបន្តិចបន្តួច ផ្តល់ជូនពុកម៉ែបងប្អូន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ក្នុងគ្រាដ៍លំបាកនៃការរាតត្បាតជំងឺ កូវីដ១៩ ដ៏កាចសាហានេះ។ ខ្ញុំបាទសូមសម្តែងនូវការកោតសសើរដល់ ពុក ម៉ែ បងប្អូន ដែលមានការយោគយល់ និងចូលរួមអនុវត្តនូវវិធានការមួយ ចំនួនដែលរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ បានដាក់ចេញកន្លងមក ។ ពិតណាស់ការចូលរួមរបស់ពុក ម៉ែ បង ប្អូន ពិតជាបានបង្ហាញនូវការស្រលាញ់ខ្លួនឯង ស្រលាញ់គ្រួសារ សហគមន៍ និងសង្គមជាតិយើង។

លោកបន្តថា ទោះបីជាយ៉ាងនេះក្តី ក៏សូមឲ្យពុក ម៉ែ បងប្អូន បន្តអនុវត្តវិធានការរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឈានដល់ការគ្រប់គ្រង និងលុបបំបាត់ទាំងស្រុងនូវការឆ្លងរីករាលដាលនៃជម្ងឺកវីដ១៩។

អំណោយដែលបាននាំយកមកផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិ៤ និងភូមិ៥ នៃសង្កាត់ផ្សារដើមថ្កូវ ចំនួន ៤៤១គ្រួសារ នាពេលនេះ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ១០គីឡូក្រាម, មី១កេស, ត្រីខ១យួរ ស្មើ១០ កំប៉ុង និងទឹកត្រី១យួរ ស្មើ៦ដប។

គួរបញ្ជាក់ថា ក្នុងវិធានការបិទខ្ទប់តំបន់ហានិភ័យក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រុញការដឹកជញ្ជូនស្បៀងអាហារចែកជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័ស និងទាន់ពេលវេលា។ ការដឹកជញ្ជូននិងចែកស្បៀងអាហារ ដល់ប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ តាមបណ្តាខណ្ឌទំាង១៤ បានធ្វើចាប់ពីថ្ងៃតី១៩មេសានោះមក ដែលគិតត្រឹមថ្ងៃទី១២ឧសភា ឆ្នាំ២០២១ បានផ្តល់ជូនប្រជាពលរដ្ឋ ជិត៤០ម៉ឺនគ្រួសារនោះហើយ៕