(ភ្នំពេញ)៖ កម្ពុជាជាប្រទេសចុងក្រោយគេ ដែលបានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកដែលនាំកម្ពុជាចូលអាស៊ាន បានលើកឡើងនូវកត្តាចម្បងបួន ដែលកម្ពុជាចូលជាសមាជិកអាស៊ាន៖ (១) កត្តាមិនជ្រៀតកិច្ចការផ្ទៃក្នុងផងគ្នាទៅវិញទៅមក ដែលតាមរយៈនេះ អាស៊ានបានក្លាយជារបាំងដ៏សំខាន់សម្រាប់ការពារអធិបតេយ្យ នៃរដ្ឋជាសមាជិក, (២) កត្តាស្មារតីសហគមន៍ គឺរបៀបនៃការធ្វើសេចក្តីសម្រេចចិត្តរបស់អាស៊ាន គឺផ្អែកលើគោលការណ៍កុងសង់ស៊ីស គឺសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដោយមិនគិតថា សមាជិកចាស់ ឬសមាជិកថ្មី ឬប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ, (៣) កត្តាសមាហរណកម្មតំបន់ ពោលគឺជាស្នូលនៃនិម្មាបនកម្មតំបន់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច និងសង្គម និង(៤) អាស៊ានជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា។

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩មក អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ រយៈពេល ២០ឆ្នាំកន្លងមកនេះ កម្ពុជាបានចាប់យកនូវឱកាសជាច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន ហើយកម្ពុជាក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរក្នុងការកសាងសហគមន៍អាស៊ាន និយាយជារួម និងការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និយាយដោយឡែក។

ចាប់តាំងពីពេលដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩មក កម្ពុជាធ្លាប់បានធ្វើជាប្រធានអាស៊ាន ចំនួន២លើករួចមកហើយ គឺលើកទី១នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ានជាថ្មីម្តងទៀត។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ តើអ្វីជាឱកាសសម្រាប់កម្ពុជាក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន? តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះដើម្បីចាប់យកឱកាសទាំងនោះ?

ជាការពិតណាស់ តួនាទីជាប្រធានអាស៊ានអាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផង ជាឱកាសផង ហើយក៏អាចជាបញ្ហាប្រឈមផងដែរ។ ក៏ប៉ុន្តែជាបឋម អ្វីដែលជាឱកាសម្រាប់កម្ពុជានៅពេលនេះ គឺជាពេលវេលាដែលយើងអាចបង្ហាញប្រកបដោយក្តីមោទនភាពថា កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោទាំងខាងនយោបាយនិងសេដ្ឋកិច្ច, ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ ធិនិងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ពហុភាគីនិយម។

ជាមួយគ្នានេះដែរ តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ វាជាឱកាសដែលកម្ពុជាអាចបង្ហាញពីសមត្ថភាពខាងធនធានមនុស្សនិងហិរញ្ញវត្ថុ ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះ។ ប៉ុន្តែសន្តិភាព និងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជា គឺជារឿងដែលមិនអាចមើលរំលងបាន។ បើសិនជាកម្ពុជា ស្ថិតក្នុងចលាចលខាងនយោបាយ និងការហែកហួរដោយសង្គ្រាម គឺយើងពិតជាមិនមានឱកាសទទួលភារកិច្ចដ៏ធំបែបនេះបាននោះទេ។ ព្រឹត្តិការណ៍នេះនឹងជួយឱ្យកម្ពុជាលើកមុខមាត់របស់ខ្លួន ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ប្រតិបត្តិការសន្តិភាព និងការងារមនុស្សធម៌អន្តរជាតិ។

នៅក្នុងតំបន់ក៏ដូចជាពិភពលោក បញ្ហាប្រឈមខាងសន្តិសុខជាប្រពៃណី និងមិនមែនប្រពៃណីជាច្រើនកំពុងកើតឡើង ដូចជា ការប្រកួតប្រជែងរវាងមហាអំណាច, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាការប្រើប្រាស់ទឹកនៅក្នុងតំបន់មេគង្គ, ការរីករាលដាលនៃជំងឺកូវីដ-១៩និងបញ្ហាការទូតវ៉ាក់សាំង, ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩, គ្រោះមហន្តរាយធម្មជាតិ, ឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត, ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ជនបាត់បង់ទីលំនៅក្នុងស្រុក, ពលករចំណាកស្រុក, ការផ្លាស់ប្តូរអាកាសធាតុ ជាដើម នឹងបន្តក្លាយជាបញ្ហាប្រឈមដែលកាន់តែស្មុគស្មាញឡើង។ បញ្ហាទាំងអស់នេះមិនមានកំណត់ព្រំដែនឬជាការទទួលខុសត្រូវដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ តែវាជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ ដែលក្នុងនោះ កម្ពុជាក៏មានចំណែកមួយក្នុងនោះដែរ។ ដូច្នេះ តួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញខាងលើ។

កម្ពុជា ដែលពីមុនល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, ជាចម្ការមីនដែលគេភ័យខ្លាចគ្រប់គ្នា, ឥឡូវនេះ បានក្លាយទៅជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។

កម្ពុជា ដែលពីមុនល្បីក្នុងការប្រើប្រាស់អាវុធដើម្បីដណ្តើមអំណាចគ្នានិងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល, ឥឡូវនេះ បានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀតទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស, ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញលេញ។ ទាំងនេះជាមេរៀននិងបទពិសោធន៍នៃការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាអាចចែករំលែកជាមួយសមាជិកអាស៊ានដទៃទៀតក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។

ការជំរុញដំណើរសមាហរណកម្មតំបន់ពេញលេញរបស់អាស៊ាន និងការលើកម្ពស់កិច្ចសហប្រតិបត្តិការខាងក្រៅរបស់អាស៊ាន ជាកិច្ចការដ៏សំខាន់ដែលប្រធានអាស៊ានផ្តោតការយកចិត្តទុកដាក់។ ដូច្នេះឆ្នាំ២០២២ខាងមុខនេះ ជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញការយល់ព្រមលើសមាជិកភាពរបស់ប្រទេសទីម័រខាងកើតជាសមាជិកទី១១របស់អាស៊ាន និងការពង្រីកដៃគូសន្ទនាដទៃទៀតរបស់អាស៊ាន។ ទន្ទឹមនឹងនោះដែរ ចុងក្រោយ ជាឱកាសដែលកម្ពុជាអាចបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួន ប្រសិនបើយើងអាចរៀបចំប្រជុំនានាដោយផ្ទាល់បាន។

ខាងលើជាឱកាសខ្លះៗ ដែលកម្ពុជាអាចទទួលបានក្នុងឋានៈជាប្រធានអាស៊ាននាឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ សំណួរសួរថា តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះដើម្បីចាប់យកឱកាសទាំងនោះ?

ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងមានទាំងឱកាសទាំងបញ្ហាប្រឈម។ ក្នុងន័យនេះ កម្ពុជាត្រូវត្រៀមលក្ខណៈទាំងខាងក្នុងនិងខាងក្រៅឱ្យបានគ្រប់គ្រាន់ ដើម្បីចាប់យកឱកាសផងនិងទប់ទល់នឹងបញ្ហាប្រឈមផង។ ខាងក្រោមនេះជាការពិចារណាខ្លះៗអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន។

ពិតហើយ, កម្ពុជាជារបស់យើងទាំងអស់គ្នា មិនមែនជារបស់រាជរដ្ឋាភិបាលឬស្ថាប័នរដ្ឋណាមួយដាច់ដោយឡែកនោះទេ។ ភាពជោគជ័យឬបរាជ័យរបស់កម្ពុជាជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នារាប់ទាំងប្រជាពលរដ្ឋគ្រប់រូបរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ជាទិដ្ឋភាពផ្ទៃក្នុង គឺត្រូវធានាថា មានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការទទួលធ្វើជាប្រធានអាស៊ានជាប្រវត្តិសាស្ត្រនេះឱ្យទទួលបានជោគជ័យ គឺត្រូវត្រៀមលក្ខណៈទាំងធនធានមនុស្ស, សម្ភារៈ, ថវិកា, បច្ចេកទេស, ការងារសន្តិសុខ, ការងារពិធីការនិងបដិសណ្ឋារកិច្ច ជាពិសេស ការងារឯកសារសម្រាប់បម្រើដល់កិច្ចប្រជុំកំពូលនិងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលជាការងារដ៏មានសារៈសំខាន់បំផុតសម្រាប់ព្រឹតិ្តការណ៍នេះ។

ទន្ទឹមនឹងនោះដែរ គណបក្សនយោបាយនានាគួរតែមានជំហររួមទៅលើគោលបំណង និងអាទិភាពគោលនយោបាយការបរទេសរបស់ជាតិ ដើម្បីអធិបតេយ្យ បូរណភាពទឹក និងផលប្រយោជន៍ជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវដទៃទៀត គួររួមចំណែកជាមួយស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់យុទ្ធសាស្ត្រនិងអនុសាសន៍គោលនយោបាយនានា ដើម្បីឱ្យកម្ពុជាអាចទទួលបាននូវផលប្រយោជន៍ដ៏លើសលប់ពីតួនាទីរបស់ខ្លួនជាប្រធានអាស៊ាន, ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាជូនទៅដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស, អង្គការសង្គមស៊ីវិលនានា ក៏ត្រូវរួមចំណែកលើកម្ពស់មុខមាត់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននេះដែរ ហើយត្រូវរួមចំណែកផ្តល់អនុសាសន៍ក្នុងន័យស្ថាបនាដល់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ហើយចុងក្រោយ ពលរដ្ឋកម្ពុជា ក៏មានចំណែកក្នុងភាពជោគជ័យរបស់កម្ពុជាផងដែរ ត្រូវរៀបចំខ្លួនជាពលរដ្ឋដែលមានវិន័យ ជាពលរដ្ឋដែលមានការទទួលខុសត្រូវ ជាពលរដ្ឋប្រកបដោយពុទ្ធិ និងជាពលរដ្ឋដែលសកម្ម។

ជាទិដ្ឋភាពខាងក្រៅ តំបន់និងពិភពលោកកំពុងពើបប្រទះបញ្ហាប្រឈមធំៗ តួយ៉ាង ការប្រកួតប្រជែងនៃពួកមហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាក្នុងតំបន់មេគង្គ ក៏ដូចជាការប្រជែងគ្នារវាងយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative - BRI) និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Strategy) ជាដើម។

ក្នុងស្ថានភាពនេះ គឺទាមទារឱ្យកម្ពុជាអនុវត្តការទូតស្ងាត់ស្ងៀមនិងការពិគ្រោះយោបល់ ដើម្បីស្វែងរកមូលដ្ឋានរួម សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ក្នុងចំណោមប្រទេសនានានៅក្នុងតំបន់ ដើម្បីកុំឱ្យសមាជិកអាស៊ានបែកបាក់ ដែលម្ខាងរត់ទៅរកសហរដ្ឋអាម៉េរិក ម្ខាងរត់ទៅរកចិន ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ ពោលគឺ ជំរុញរបៀបវារៈទាំងឡាយណាដែលចងភ្ជាប់អាស៊ាន ជាជាងបញ្ហាដែលធ្វើឱ្យអាស៊ានបែកបាក់ ជាពិសេស គឺរក្សាសាមគ្គីភាព ឯកភាព និងអព្យាក្រឹតភាពអាស៊ាន និងបង្ហាញឱ្យឃើញថា អាស៊ានជាកម្លាំងទប់ក្នុងការគ្រប់គ្រងការប្រកួតប្រជែងអំណាចរវាងចិននិងសហរដ្ឋអាម៉េរិក ដើម្បីរក្សានិងគ្រប់គ្រងស្ថានភាពឬបរិស្ថានដែលអំណោយផលដល់សន្តិភាពនិងស្ថិរភាព ដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។

លើសពីនេះទៀត កម្ពុជាត្រូវដាក់ចេញនូវរបៀបវារៈដែលអាចផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីឱ្យពលរដ្ឋអាស៊ានមានមោទនភាពនិងក្តីសង្ឃឹមសម្រាប់អនាគត និងមានទំនុកចិត្តសម្រាប់សុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ និងព្យាយាមធ្វើឱ្យមានតុល្យភាពផងដែរ រវាងសសរស្តម្ភទាំង៣របស់អាស៊ាន រួមមានសហគមន៍នយោបាយ-សន្តិសុខ, សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌។

ក្នុងឱកាសដ៏ពិសេសនោះ កម្ពុជាគួរផ្តួចផ្តើមគំនិតបង្កើត «ក្រុមប្រឹក្សាត្រួតពិនិត្យនិងសម្របសម្រួលអាស៊ាន» មួយដែលដើរតួនាទីជាស្ថាប័នត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ និងលិខិតូបករណ៍នានារបស់អាស៊ាន ព្រោះ អាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារនានារាប់មិនអស់ ប៉ុន្តែ ការអនុវត្តជាក់ស្តែង ហាក់ដូចជានៅមានកម្រិតនៅឡើយ ហើយអាស៊ានមិនទាន់មានយន្តការអចិន្ត្រៃយ៍និងអាណត្តិពេញលេញក្នុងកិច្ចការនេះនោះទេ។ ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សានេះ នឹងដើរតួនាទីជាយន្តការសម្រាប់សម្របសម្រួលឬដោះស្រាយវិបត្តិផ្ទៃក្នុងនៃរដ្ឋជាសមាជិក ជម្លោះរវាងរដ្ឋជាសមាជិក និងធ្វើបុរេសកម្មភាពដើម្បីទប់ទល់ការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ។

ពាក់ព័ន្ធនឹងវិបត្តិនយោបាយបាយនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាគួរបង្កើតក្រុមការងារពិសេសមួយ ដើម្បីធ្វើការជាមួយបណ្តាគូជម្លោះនៅមីយ៉ាន់ម៉ាដោយស្ងាត់ស្ងៀមឬការទូតទ្វារក្រោយ ដើម្បីចែករំលែកមេរៀននិងបទពិសោធន៍នៃការកសាងសន្តិភាពនិងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយវាក៏ជាឱកាសដើម្បីបង្ហាញថា កម្ពុជាមានសមត្ថភាពជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសជាសមាជិកអាស៊ានដូចគ្នា។ ការជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះនោះទេ ប៉ុន្តែ ជាការបង្ហាញសាមគ្គីភាពអាស៊ាននិងការជួយគ្នាទៅវិញទៅមកដោយឈរលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។

កម្ពុជាត្រូវបន្តលើកកម្ពស់តួនាទីនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការជំរុញបន្ថែមទៀតនូវដំណើរការមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ដែលជាផ្នែកមួយនៃការទូតសាធារណៈរបស់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារមីន ទៅជាប្រទេសដែលមានសកម្មភាពលេចធ្លោក្នុងការបោសសម្អាតមីន, ចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាពនិងការងារមនុស្សធម៌អន្តរជាតិ, ការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ, អភិបាលកិច្ចល្អ, គោលការណ៍ប្រជាធិបតេយ្យ ក៏ដូចជាការលើកកម្ពស់នូវការគោរព និងការការពារសេរីភាព សិទ្ធិមនុស្ស និងការលើកកម្ពស់យុត្តិធម៌សង្គម ជាដើម ដើម្បីកសាងមុខមាត់និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

កម្ពុជាចាំបាច់ត្រូវធ្វើសកម្មភាពចាប់ពីពេលនេះតទៅ ក្នុងការជំរុញការគាំទ្រការបញ្ចូលសមាជិកភាពប្រទេសទីម័រខាងកើតទៅក្នុងអាស៊ាន។ ទីម័រខាងកើតជារដ្ឋមួយដូចកម្ពុជាដែរ ដែលបានឆ្លងកាត់ជម្លោះនិងអំពើប្រល័យពូជសាសន៍ពីអតីតកាល កម្ពុជាបានយល់ច្បាស់ពីសារៈសំខាន់នៃការចូលរបស់ទីម័រខាងកើតទៅក្នុងអាស៊ាន។ ក្នុងនាមជាសមាជិកចុងក្រោយរបស់អាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន។ ដូច្នេះ វាជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការគាំទ្រនិងជួយដល់ទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ានដើម្បីធ្វើឱ្យសមាហរណកម្មតំបន់អាស៊ានមានលក្ខណៈពេញលេញ។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវជំរុញការពង្រីកដៃគូសហប្រតិបត្តិការខាងក្រៅរបស់អាស៊ានដើម្បីផលប្រយោជន៍អាស៊ានផងនិងដើម្បីតុល្យភាពផង។

កម្ពុជាត្រូវបន្តធ្វើពិពិធកម្មការទូតជាយុទ្ធសាស្ត្រ គាំទ្រគោលការណ៍ពហុភាគីនិយម រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសមហាអំណាចទាំងអស់ ពង្រឹងតួនាទីសំខាន់របស់អាស៊ានដោយប្រកាន់ខ្ជាប់នូវគោលការណ៍ទំនាក់ទំនងអន្តរជាតិដែលផ្អែកលើច្បាប់ និងលើកកម្ពស់សន្តិភាពតាមរយៈការសន្ទនានិងការចរចា។ ប្រទេសកម្ពុជាត្រូវតែប្រកាន់ជំហរអព្យាក្រឹតដាច់ខាតចំពោះជម្លោះនិងអធិបតេយ្យភាពអន្តរជាតិ។ កម្ពុជាក៏អាចដើរតួរជាមេអណ្តើកក្នុងការសម្របសម្រួលបន្ធូរបន្ថយកម្ដៅសមុទ្រចិនខាងត្បូងផងដែរ។

ចុងក្រោយ, ទន្ទឹមនឹងកិច្ចប្រជុំនានា កម្ពុជាគួររៀបចំវេទិកាធុរកិច្ចនិងវិនិយោគ ដើម្បីបង្ហាញសក្តានុពលនិងភាពទាក់ទាញរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលស្របនឹងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែដើម្បីធានាឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន កម្ពុជាចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់ស៊ីជម្រៅជាក់ស្តែងនិងមានប្រសិទ្ធភាពទៅលើស្ថាប័នរបស់រដ្ឋ, បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលអាចកាត់បន្ថយថ្លៃសេវាដឹកជញ្ជូននិងថ្លៃដើមចង្វាក់ផលិតកម្ម, ការផ្គត់ផ្គង់អគ្គិសនីនិងទឹកក្នុងតម្លៃទាប, កាត់បន្ថយឬលុបបំបាត់ការិយាធិបតេយ្យក្នុងនីតិវិធីវិនិយោគ និងចុងក្រោយ គឺពង្រឹងអភិវឌ្ឍធនធានមនុស្សដើម្បីធានាថា កម្ពុជាមានកម្លាំងពលកម្មជំនាញ និងពាក់កណ្តាលជំនាញ សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់។

ជារួមទៅ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងអាចទទួលបាននូវឱកាសយ៉ាងច្រើន ក្នុងការបង្ហាញមុខមាត់និងកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ និងសមត្ថភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ និងជាមោទនភាពដ៏ធំធេងរបស់កម្ពុជាដែលបានទទួលតួនាទីដ៏ត្រចះត្រចង់នេះ។ ប៉ុន្តែ ភាពជោគជ័យឬបរាជ័យរបស់កម្ពុជា វាអាស្រ័យលើការត្រៀមលក្ខណៈរបស់កម្ពុជា ទាំងកិច្ចការខាងក្នុងនិងកិច្ចការខាងក្រៅ និងការចូលរួមដោយស្មារតីគិតគូរផលប្រយោជន៍ជាតិខ្ពស់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងពីគ្រប់សមាសភាពសង្គមកម្ពុជា រាប់ចាប់ពីគណបក្សនយោបាយ ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងពលរដ្ឋកម្ពុជាទូទៅ ដែលម្នាក់ៗ សុទ្ធតែមានចំណែកចំពោះភាពជោគជ័យឬបរាជ័យនៃតួនាទីជាប្រវត្តិសាស្ត្ររបស់កម្ពុជាជាប្រធានអាស៊ាននេះ៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទនេះជាផ្នែកមួយនៃបទបង្ហាញក្នុងសិក្ខាសាលា ស្តីពី «ក្តីប្រាថ្នារបស់កម្ពុជាសម្រាប់ធ្វើជាប្រធានអាស៊ានប្រកបដោយភាពជោគជ័យនៅឆ្នាំ២០២២