(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា បុរសជនជាតិនេប៉ាល់ម្នាក់ បានទទួលមរណភាពភាព ដោយសារខ្សោយតម្រង់នោម, ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ និងមានផ្ទុកជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ជនជាតិនេប៉ាល់រូបនេះ មានអាយុ៦៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានស្លាប់នៅវេលាម៉ោង០៧៖៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភានេះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧១នាក់ បានព្យាបាលជាសះស្បើយចំនួន២៩នាក់, ករណីស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤១នាក់៕