(ភ្នំពេញ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស បានបន្តធ្វើការឧបត្ថម្ភដល់ពលរដ្ឋ នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ដែលពេលនេះ បានសហការ ជាមួយកសិដ្ឋានណាហ្គា ផ្តល់គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋជាង១,០០០ គ្រួសារ ដែលកំពុងស្វែងរកជំនួយ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ការឧបត្ថម្ភនេះ ត្រូវបានអញ្ជើញទទួលដោយលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ។

ការបិទខ្ទប់ក្នុងពេលថ្មីៗនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី៦ ខែឧសភា ជាមួយនឹងការចាត់វិធានការថ្មីៗ នៅតាមទីតាំង ដែលមានការឆ្លងរីករាលដាលខ្លាំង។ ស្រុកអង្គស្នួល នៃខេត្តកណ្តាល គឺជាទីតាំងមួយ ដែលមានរោងចក្រ និងកម្មករកម្មការិនី បំពេញការងារច្រើន ហើយក៏មានការឆ្លងរីករាលដាល គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ។

ដោយមើលឃើញពីទុក្ខលំបាក ដែលបងប្អូននៅទីនោះ កំពុងជួបប្រទះ និងដោយបានធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន កសិដ្ឋានណាហ្គា និងណាហ្គាវើលដ៍បេះដូងសប្បុរស បានសម្រេចឧបត្ថម្ភនូវស្បៀងអាហារចាំបាច់ ដូចជាអង្ករ ២៥,០០០ គីឡូក្រាម, មី៣០,០០០កញ្ចប់, ត្រីខ១០,០០០កំប៉ុង, ទឹកត្រី ៦,០០០ដប និងទឹកស៊ីអ៊ីវ ៦,០០០ដបដល់ពួកគេ។

ស្បៀងអាហារទាំងនេះ ត្រូវបានឧបត្ថម្ភនៅក្នុងពិធីប្រគល់ និងទទួលដែលមានការអញ្ជើញចូលរួម របស់លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល, លោក ដាវ បុត្ររង្សី អភិបាលរងស្រុកអង្គស្នួល លោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុកអង្គស្នួល និងលោក ឆៃ បូណា នាយករដ្ឋបាលសាលាស្រុកអង្គស្នួល។

ពិធីនេះ ក៏មានវត្តមានរបស់លោក Terry Goh អ្នកឯកទេសកសិកម្មនៃកសិដ្ឋានណាហ្គា លោក Pern Chen ប្រធានផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស និងលោក Cherchi Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។

លោក ខុន សេរីរដ្ឋា បានថ្លែងថា «យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ជាទីបំផុតចំពោះទឹកចិត្តសប្បុរស របស់កសិដ្ឋានណាហ្គា និងណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានឧបត្ថម្ភស្បៀងអាហារដ៏ចាំបាច់ សម្រាប់ក្រុមគ្រួសារដែលកំពុងស្ថិត នៅក្នុងតំបន់ក្រហមនាពេលនេះ។ ការបិទខ្ទប់នេះ គឺជាស្ថានភាពដ៏លំបាកមួយ ដូច្នេះសហគមន៍របស់យើង ត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើការឧបត្ថម្ភនានា ដូចជាការឧបត្ថម្ភនៅពេលនេះជាដើម។ ការឧបត្ថម្ភនេះ មិនត្រឹមតែជាស្បៀងអាហារ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាក្តីសង្ឃឹមដើម្បីឆ្លងផុតគ្រាដ៏លំបាកនេះផងដែរ»។

សូមបញ្ជាក់ថា កសិដ្ឋានណាហ្គា ត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ នៅក្នុងស្រុកអង្គស្នួល ដែលមានប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាបុគ្គលិក។
កសិដ្ឋានវារីវប្បកម្មនេះ គឺជាកន្លែងចិញ្ចឹមត្រីទីឡាផ្ចា ត្រីអណ្តែង និងខ្យងទឹកសាបនៅក្នុងស្រះទឹកធំដែលត្រូវបានជីកនៅក្នុងកសិដ្ឋានផ្ទាល់ព្រមទាំងមានការដាំបន្លែ ដូចជាត្រកួននៅលើទឹក ឬហៅថា វិធីសាស្ត្រអាក្វ័រផូនិកផងដែរ។ កសិដ្ឋាននេះ ប្រើប្រាស់បច្ចេកទេសវារីវប្បកម្មដែលមានប្រព័ន្ធសម្អាតទឹកតាមបែបធម្មជាតិ៕