(កំពង់ឆ្នាំង)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់វត្ថុបុរាណដែលជារបស់មានតម្លៃប្រភេទ កងជើង ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងរក្សាទុកក្នុងសារមន្ទីរ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា វត្ថុបុរាណនេះ គឺជាប្រភេទ កងជើង របស់ទេវរូបភេទស្រី ធ្វើពីលោហៈធាតុ (មានស្ពាន់ និងដែកបញ្ចូលគ្នា) ទម្ងន់១.៦គីឡូក្រាម រចនាបថសម័យកណ្ដាល (ឬសម័យក្រោយអង្គរ) ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកក្នុងសារមន្ទីរ។

លោកបន្តថា កងជើងបុរាណខាងលើនេះ មានតម្លៃជាប្រវត្តិសាស្រ្ត គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ វត្ថុបុរាណមួយនេះ លោកនឹងយកទៅរក្សាទុកនៅក្នុងសារៈមន្ទីរខេត្ត តែបច្ចុប្បន្នគឺទុកនៅក្នុងឃ្លាំងដើម្បីយកទៅសម្អាតតាមបច្ចេកទេសរបស់បុរាណវិទ្យាសិន ដោយសារតែត្រូវភ្លើងឆេះប្រឡាក់មើលមិនដឹងធាតុដើម ដោយមិនទាន់អាចដាក់តាំងឱ្យមើលបាននៅឡើយទេ។

លោក ជីវ ចាន់លី ប្រធានអង្គភាពនគរបាលការពារបេតិកភ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា វត្ថុបុរាណប្រភេទកងជើងខាងលីនេះ អង្គភាពរបស់លោកបានទទួលពីក្រុមបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត ដោយធ្វើពិធីប្រគល់ទៅឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកនៅក្នុងសារមន្ទីរ។

លោកឧត្ដមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដែលបានដឹកនាំក្រុមបច្ចេកទេស ចុះពិនិត្យនិងស្រាវជ្រាវករណីភ្លើងឆេះផ្ទះ និងបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៥នាក់ កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ បានប្រាប់ថា នៅពេលដែលក្រុមបច្ចេកទេសរបស់លោកបានចុះពិនិត្យទីតាំងភ្លើងឆេះ នៅចំណុចខាងលើ ក៏រើសបានកងជើងជាវត្ថុបុរាណមួយ ដែលត្រូវបានភ្លើងឆេះរោលប្រឡាក់ស្ទើរមើលមិនយល់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីក្រុមការងាររបស់លោករើសបានកងជើងបុរាណខាងលើនេះ លោកក៏បានយកវត្ថុនេះ ទៅប្រគល់ជូនលោក អ៉ិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីទុកជាវត្ថុតាង។

ខណៈនោះដោយលោកព្រះរាជអាជ្ញាយល់ឃើញថា កងជើងនេះអាចមានសារៈប្រយោជន៍ជារបស់វត្ថុបុរាណ លោកក៏ឲ្យយកវត្ថុបុរាណនេះ ទៅពិភាក្សាជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌ជាតិនៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង៕