(រតនគិរី)៖ ខេត្តរតនគិរី ជាខេត្តមួយដែលរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ចុងក្រោយគេបង្អស់ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ ហើយគិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តរតនគិរី មានអ្នកឆ្លងសរុបចំនួន៥នាក់ ក្នុងនោះ៤នាក់ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោយរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើដំណើរឆ្លងខេត្តឡើងវិញ។

ក្នុងឱកាសចុះពិនិត្យគោលដៅរបស់កងកម្លាំងសមត្ថកិច្ចនៅព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ (ស្រី២នាក់) កំពុងដាក់ឲ្យសម្រាក ព្យាបាលកំរិតស្រាល នៅវិទ្យាល័យតេជោសែន ត្រពាំងក្រហមក្រោម ការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកអភិបាលរងខេត្ត បានលើកឡើងថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកឲ្យចរាចរណ៍រវាងខេត្ត និងខេត្ត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ សម្រាប់ខេត្តរតនគីរី គោរពតាមគោលការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញប៉ុន្តែចំពោះព្រំប្រទល់ខេត្ត និងខេត្តរដ្ឋបាលខេត្ត បានរៀបចំកម្លាំងឈរជើងដើម្បីបង្កើនការប្រុងប្រយ័ត្ន អ្នកដែលមកពីតំបន់បិទខ្ទប់ ឬតំបន់ក្រហម និងតំបន់ផ្ទុះជំងឺមួយចំនួនទៀត នៅទូទាំងប្រទេស។

លោកបន្ថែមថា ជាកិច្ចប្រឹងប្រែង និងប្រុងប្រយ័ត្នខ្ពស់ទើបកម្លាំងចម្រុះ ព្រមទាំងក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល ដែលឈរជើងនៅចំណុចគល់ស្ពានស្រែពក ប្រើឧបករណ៍តេស្តរហ័ស រកឃើញបុគ្គលដែលមានវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន៤នាក់ មកហើយក្នុងចំណោម អ្នកជំងឺ៥នាក់។

ជាមួយគ្នានេះលោក លន់ សុភាព បានដាស់តឿន និងសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានសុវត្ថិភាពគោលការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ហើយរាល់ពេលធ្វើដំណើរចូលមកខេត្តរតនគិរី ត្រូវផ្តល់ព័ត៌មានជាក់លាក់អំពីទីតាំង ដែលចាកចេញមក និងគោលដៅដែលត្រូវទៅ ព្រមទាំងទុកលេខទូរស័ព្ទ និងមធ្យោបាយទំនាក់ទំនងនៅពេលក្រោយ៕