(ភ្នំពេញ)៖ លោកស្រី មាសសាឯម ដានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានប្រកាសថា បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោកស្រី មាសសាឯម ដានី ដែលមានអាយុ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca (Covishield) ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី ចាប់ផ្ដើមមិនស្រួលក្នុងខ្លួននៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោកស្រី ដែលមានតាំងនៅផ្ទះលេខ២១ ផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយលោកស្រីបានលទ្ធផលវិជ្ជមាន។

ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មក លោកស្រី មាសសាឯម ដានី មិនបានមកបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីទេ។

យោងសេចក្តីប្រកាសព័ត៌មានដដែល ទីស្តីការគណៈរដ្ឋមន្ត្រី បានណែនាំថា៖

១៖ ចំពោះអ្នកទាក់ទងផ្ទាល់ជាមួយ លោកស្រី មាសសាឯម ដានី ត្រូវទៅយកសំណាកនៅតាមទីតាំង ដែលក្រសួងសុខាភិបាលបានកំណត់ ដូចជា មន្ទីរពេទ្យខ្មែរ-សូវៀត, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម ជាដើម ។

២៖ ចំពោះអ្នកទាក់ទងដោយប្រយោលជាមួយលោកស្រី មាសសាឯម ដានី ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពខុសធម្មតា សូមទំនាក់ទំនងទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥៕