(ភ្នំពេញ)៖ ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និងក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ មានវិធានការការពារសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាព និងផាសុកភាពខ្ពស់ជូនអតិថិជន ចាប់តាំងពីចូលលេង រហូតដល់បញ្ចប់ការលេងវាយកូនហ្គោល។

វិធានការ ដែលអនុវត្តមានដូចជា ការរក្សាគម្លាតសង្គម ត្រួតពិនិត្យកម្តៅ លាងដៃ សម្អាតមេរោគ ពាក់ម៉ាស់ សេ្កន QR Code កំណត់ចំនួនអ្នកចូលលេងមួយក្រុម៤នាក់ និងកំណត់ឡានវាយកូនហ្គោលមួយសម្រាប់អ្នកលេងម្នាក់។

លោក Alan Martin គណៈគ្រប់គ្រង ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និង ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ថ្លែងថា៖ «ក្លឹបវាយកូនហ្គោល ហ្រ្គេន ភ្នំពេញ និង រ៉ូយ៉ាល់ ភ្នំពេញបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងហ្មត់ចត់បំផុត។ មួយវិញទៀត ទាំងគណៈគ្រប់គ្រង និងបុគ្គលិករបស់ក្លឹបវាយកូនហ្គោលទាំងអស់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩គ្រប់ៗគ្នា ដែលនេះគឺកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីផ្តល់ជូនបរិយាកាសមួយដែលមានសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន»

លោក Alan Martin បញ្ជាក់ថា បន្ថែមពីលើការអនុវត្តវិធានការសុវត្ថិភាព និងការរក្សាគម្លាតសង្គម ដែលមានស្រាប់ ធម្មជាតិនៃកីឡាវាយកូនហ្គោលគឺនៅទីលានដែលមានលក្ខណៈធំ ទូលាយ នៅក្រោមពន្លឺថ្ងៃ ការកំណត់ក្រុមលេងច្រើនបំផុត៤នាក់ មានខ្យល់អាកាសធម្មជាតិ និងមិនមានភាពអ៊ូអរ ដែលជាកត្តាកំណត់ថា ការលេងវាយកូនហ្គោល គឺជាប្រភេទកីឡា ដែលមានហានិភ័យទាបពីការឆ្លងជំងឺផ្សេងៗ។

ក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត ដែលគ្រប់គ្រងប្រតិបត្តិការនៃក្លឹបវាយកូនហ្គោលទាំងពីរ គឺក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និង រ៉ូយ៉ាល់ ភ្នំពេញ ទើបបានបន្ថែមឡានវាយកូនហ្គោលថ្មី បុគ្គលិក បច្ចេកវិទ្យាថ្មីៗ និងឧបករណ៍ថែទាំទីលានយ៉ាងទំនើប នៅទីលានវាយកូនហ្គោលទាំងពីររបស់ខ្លួន ដើម្បីផ្តល់ជូនបទពិសោធន៍លេងដ៏ល្អឥតខ្ចោះ និងមានសុវត្ថិភាពខ្ពស់៕